ព័ត៌មានអន្តរជាតិ

រុស្សីអះអាងថា បានបាញ់ទំលាក់មីស៊ីលអ៊ុយក្រែន ផលិតនៅលោកខាងលិច១៤គ្រាប់ និងដ្រូនជាង៣០គ្រឿង ក្នុងការប៉ុនប៉ងចុង ក្រោយមួយនៅតំបន់ Bryansk

AFP

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងការពារជាតិ នៅទីក្រុងមូស្គូ បាននិយាយកាលពីថ្ងៃអង្គារថា កងកម្លាំងការពារប្រឆាំងយន្តហោះរុស្ស៊ី បានវាយលុកការវាយប្រហារទ្រង់ទ្រាយធំ របស់អ៊ុយក្រែនទៅលើតំបន់ Bryansk ដោយបានបាញ់ទម្លាក់មីស៊ីល ដែលផ្គត់ផ្គង់ដោយលោកខាងលិច រាប់សិបគ្រឿង និងយន្តហោះគ្មានមនុស្សបើក ជាង៣០គ្រឿងផងដែរ ។

ក្រសួងបានរាយការណ៍ពីព័ត៌មានលម្អិត នៃការវាយប្រហារពេញមួយយប់ នៅក្នុងរបាយការណ៍សង្ខេបប្រចាំថ្ងៃរបស់ខ្លួន ដោយបញ្ជាក់ថា កងកម្លាំងអ៊ុយក្រែន បានប្រើប្រាស់មីស៊ីលផ្លោង ATACMS ផលិតដោយសហរដ្ឋអាមេរិកចំនួន៦ និងមីស៊ីលបាញ់ពីនាវា Franco-British Storm Shadow ចំនួន៦គ្រាប់ផងដែរ ហើយបានបន្ថែមថា យន្តហោះគ្មានមនុស្សបើក kamikaze ចំនួន៣១គ្រឿងក៏ត្រូវបានប្រើប្រាស់ក្នុងការវាយប្រហារផងដែរ។

យោធាបាននិយាយថា កាំជ្រួចទាំងអស់ត្រូវបានស្ទាក់ចាប់ដោយប្រព័ន្ធការពារប្រឆាំងយន្តហោះ ដោយបន្ថែមថាកាំជ្រួច Storm Shadow ពីរផ្សេងទៀតត្រូវបានបាញ់ទម្លាក់លើសមុទ្រខ្មៅ។ កាំជ្រួចទាំងនោះហាក់ដូចជាកំពុងឆ្ពោះទៅកាន់ឧបទ្វីប Crimean ដែលជាគោលដៅសំខាន់មួយនៃការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់អ៊ុយក្រែនអំឡុងពេលមានជម្លោះជាមួយរុស្ស៊ី។

អភិបាលក្រុង Bryansk លោក Aleksandr Bogomaz បាននិយាយថា ក្នុងអំឡុងពេលនៃការវាយប្រហារ ផ្ទះឯកជនចំនួន ៤២ ខ្នងត្រូវបានរងការខូចខាត និង មួយខ្នងត្រូវបានបំផ្លាញទាំងស្រុង ហើយលោក​បាន​បន្ថែមទៀត​ថាទោះបីជាយ៉ាងណាក្តី គ្មាន​នរណា​ម្នាក់​រង​របួស​ក្នុង​អំឡុង ​ពេល​វាយប្រហារចុងក្រោយ​នោះ​ទេ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top