ព័ត៌មានអន្តរជាតិ

ប្អូនស្រីដ៏មានឥទ្ធិពល របស់មេដឹកនាំកូរ៉េខាងជើង គំរាមឆ្លើយតប ចំពោះការដាក់ពង្រាយ នាវាផ្ទុកយន្តហោះអាមេរិក ក្នុងប្រទេសកូរ៉េខាងត្បូង

AFP

បរទេស៖ លោកស្រី Kim Yo Jong ប្អូនស្រីដ៏មានឥទ្ធិពល របស់មេដឹកនាំកូរ៉េខាងជើង Kim Jong Un នៅថ្ងៃអង្គារនេះ បានគំរាមថានឹងចាប់ផ្តើម ការបង្កហេតុកម្រិតខ្ពស់ ជាការឆ្លើយតបទៅនឹងការមកដល់ នៃនាវាផ្ទុកយន្តហោះអាមេរិក នៅក្នុងប្រទេសកូរ៉េខាងត្បូង និងសកម្មភាពយោធាផ្សេងទៀត របស់សហរដ្ឋអាមេរិក ដែលខ្លួនបានរិះគន់ថាជា “ភាពច្របូកច្របល់ នៃការប្រឈមមុខដាក់គ្នា របស់សហរដ្ឋអាមេរិក និងល្បិចកលរបស់អាមេរិក” ។

យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា ការព្រមានដោយលោកស្រី Kim Yo Jong បង្កប់ន័យថា កូរ៉េខាងជើង ទំនងជានឹងបង្កើនសកម្មភាព សាកល្បងអាវុធ និងរក្សាជំហរប្រឈមមុខដាក់គ្នា ប្រឆាំងនឹងសហរដ្ឋអាមេរិក ទោះបីជាលោកប្រធានាធិបតី អាមេរិក លោក បាននិយាយថា លោកនឹងបង្ហាញទៅលោក Kim Jong Un ដើម្បីស្តារទំនាក់ទំនង ការទូតឡើងវិញក៏ដោយ។

នៅក្នុងសេចក្តីថ្លែងការណ៍ ដែលធ្វើឡើងដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ លោកស្រី Kim Yo Jong បានចោទសហរដ្ឋអាមេរិកថា បានបង្ហាញយ៉ាងច្បាស់ “ឆន្ទៈអរិភាព និងការប្រឈមមុខ ដាក់គ្នាបំផុត” របស់ខ្លួនចំពោះកូរ៉េខាងជើង ជាមួយនឹងការដាក់ ពង្រាយ នាវាដឹក យន្តហោះ USS Carl Vinson និងទ្រព្យសម្បត្តិយោធា ដ៏មានឥទ្ធិពល របស់សហរដ្ឋអាមេរិក និងសមយុទ្ធយោធា អាមេរិក-កូរ៉េខាងត្បូងនៅឆ្នាំនេះ។

លោកស្រីបាននិយាយថា “កូរ៉េខាងជើងក៏គ្រោងនឹងពិនិត្យ ដោយប្រុងប្រយ័ត្ននូវជម្រើស សម្រាប់ការបង្កើនសកម្មភាព គំរាមកំហែងដល់សន្តិសុខ របស់សត្រូវក្នុង កម្រិតយុទ្ធសាស្ត្រ ដើម្បីទប់ទល់នឹងការពិតដែលថា ការដាក់ពង្រាយទ្រព្យ សម្បត្តិយុទ្ធសាស្ត្រ របស់សហរដ្ឋអាមេរិក នៅក្នុងឧបទ្វីបកូរ៉េ បានក្លាយជាទម្លាប់ដ៏អាក្រក់ និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សន្តិសុខ របស់កូរ៉េខាងជើង” ៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top