ព័ត៌មានអន្តរជាតិ

អេឡុន ម៉ាស់ ថា កងទ័ពជួរមុខ អ៊ុយក្រែន នឹងដួលរលំភ្លាម ប្រសិនបើ លោកចិត្តដាច់ ផ្តា​ច់ប្រព័ន្ធផ្កាយរណប

កាលពីពេលថ្មីៗនេះ មហាសេដ្ឋីអាមេរិក និងជាអ្នកបង្កើតក្រុមហ៊ុន SpaceX លោក អេឡុន ម៉ាស់ (Elon Musk) បានប្រកាសតាមបណ្តាញសង្គម X ថា ប្រព័ន្ធអ៊ីនធឺណិតផ្កាយរណប Starlink របស់លោក គឺជា “ឆ្អឹងខ្នង” ដ៏សំខាន់របស់កងទ័ពអ៊ុយក្រែន។ លោកបានព្រមានថា ប្រសិនបើលោកសម្រេចចិត្តបិទប្រព័ន្ធនេះ នោះ “កងទ័ពជួរមុខទាំងមូល” របស់អ៊ុយក្រែននឹងដួលរលំ។

លោក ម៉ាស់ បាននិយាយថា ៖ “ខ្ញុំបានប្រកួតប្រជែងជាមួយលោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ដោយផ្ទាល់មួយ ទល់នឹងមួយ ដើម្បីអ៊ុយក្រែន ហើយប្រព័ន្ធ Starlink របស់ខ្ញុំ គឺជាឆ្អឹងខ្នង នៃកងទ័ពអ៊ុយក្រែន។ ជួរមុខទាំងមូលរបស់ពួកគេនឹងដួលរលំ បើខ្ញុំបិទវា។” ការលើកឡើងនេះ បានកើតឡើងបន្ទាប់ពីមានការរិះគន់លើលោក ដែលថាលោកផ្តោតតែលើការរិះគន់អ៊ុយក្រែន ជាជាងរុស្ស៊ី។

ប្រព័ន្ធ Starlink ដែលផ្តល់សេវាកម្មអ៊ីនធឺណិតតាមផ្កាយរណប បានក្លាយជាឧបករណ៍ដ៏សំខាន់សម្រាប់កងទ័ពអ៊ុយក្រែន ចាប់តាំងពីរុស្ស៊ីបានឈ្លានពានប្រទេសនេះ កាលពីខែកុម្ភៈ ឆ្នាំ ២០២២។ វាជួយសម្របសម្រួលការទំនាក់ទំនងនៅសមរភូមិ ជាពិសេសនៅពេលដែលបណ្តាញទូរស័ព្ទ និងអ៊ីនធឺណិតធម្មតាត្រូវបានបំផ្លាញ ឬរំខានដោយការវាយប្រហារ។ លោក ម៉ាស់ បានបញ្ជាក់ថា បើគ្មាន Starlink ទេ កងទ័ពអ៊ុយក្រែន នឹងប្រឈមនឹងការដួលរលំ ព្រោះរុស្ស៊ីអាចរំខាន ប្រព័ន្ធទំនាក់ទំនងផ្សេង ទៀតទាំងអស់។

ទោះជាយ៉ាងណា លោកបានបន្ថែមថា ទោះបីជាលោកមិនយល់ស្របនឹងគោលនយោបាយរបស់អ៊ុយក្រែនក៏ដោយ ក៏ Starlink “នឹងមិនបិទសេវារបស់ខ្លួនឡើយ” ។ លោកបានសង្កត់ធ្ងន់ថា លោកគ្រាន់តែចង្អុលបង្ហាញ ពីសារៈសំខាន់នៃប្រព័ន្ធនេះ ចំពោះស្ថានភាពបច្ចុប្បន្ននៅអ៊ុយក្រែន។

ការអត្ថាធិប្បាយរបស់ លោក ម៉ាស់ បានបង្កើតឱ្យមានការជជែកវែកញែកយ៉ាងខ្លាំងនៅលើបណ្តាញសង្គម។ អ្នកខ្លះយល់ស្របនឹងការអះអាងរបស់លោក ដោយចាត់ទុក Starlink ថាជាកត្តាសំខាន់ក្នុងការទ្រទ្រង់កងទ័ពអ៊ុយក្រែន ខណៈអ្នកផ្សេងទៀត បានរិះគន់លោកថា បានប្រើឥទ្ធិពលរបស់ខ្លួន ដើម្បីគំរាមកំហែងប្រទេសមួយ ដែលកំពុងប្រយុទ្ធ ដើម្បីសេរីភាព។

លោក ម៉ាស់ ក៏បានបង្ហាញការខកចិត្ត ចំពោះសង្គ្រាម ដែលអូសបន្លាយជាច្រើនឆ្នាំនេះ ដោយហៅវាថាជា ការសម្លាប់រង្គាល នៅក្នុងស្ថានភាពជាប់គាំង ដែលអ៊ុយក្រែននឹងចាញ់ជាមិនខាន។ លោកបានអំពាវនាវឱ្យមាន សន្តិភាពឥឡូវនេះ ដើម្បីបញ្ចប់ជម្លោះដ៏រ៉ាំរ៉ៃ ៕

Most Popular

To Top