កូរ៉េខាងត្បូង ៖ នេះយោងតាមការចេញផ្សាយពីគេហទំព័រ Korea Times បានប្រាប់ឲ្យដឹងថា សម្ពាធពន្ធគយពីរដ្ឋបាលលោក Donald Trump កំពុងសាកល្បងភាពធន់ នៃខ្សែសង្វាក់ផ្គត់ផ្គង់ របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូង Samsung Electronics នៅទូទាំងផ្នែកអាជីវកម្ម ផ្សេងៗរបស់ខ្លួនហើយ។
ដោយសារផលប៉ះពាល់ ដែលបានរំពឹងទុកនៃពន្ធលើប្រតិបត្តិការផលិតកម្មសកលរបស់ខ្លួន Samsung ប្រឈមមុខនឹងសេណារីយ៉ូវិវត្តន៍ ជាច្រើននៅទូទាំងអាជីវកម្ម ស្មាតហ្វូន គ្រឿងអេឡិចត្រូនិក និងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ។ ជាលទ្ធផល វាកាន់តែមានសារសំខាន់ សម្រាប់ក្រុមហ៊ុនក្នុងការ វាយតម្លៃឡើងវិញ និងរៀបចំយុទ្ធសាស្រ្តផលិតកម្មរបស់ខ្លួនឡើងវិញ។
ក្នុងចំណោមអាជីវកម្មរបស់ក្រុមហ៊ុននេះ ផ្នែកស្មាតហ្វូនរបស់ខ្លួនត្រូវបានគេបារម្ភថានឹងទទួលបានផលប៉ះពាល់ខ្លាំងបំផុតជាលទ្ធផលនៃពន្ធ។ បច្ចុប្បន្ននេះ ក្រុមហ៊ុនត្រូវបានគេប៉ាន់ប្រមាណថា ប្រហែលពាក់កណ្តាលនៃស្មាតហ្វូន Galaxy របស់ Samsung ត្រូវបានផលិតនៅប្រទេសវៀតណាមប្រហែល ៣០ ភាគរយផលិតក្នុងប្រទេសឥណ្ឌា។ នៅសល់ត្រូវបានផលិត នៅរោងចក្រក្នុងប្រទេសប្រេស៊ីល កូរ៉េ និងឥណ្ឌូនេស៊ី។
លោក Trump កាលពីសប្តាហ៍មុន បានប្រកាសពីការដកពន្ធទៅវិញទៅមកលើដៃគូពាណិជ្ជកម្មរបស់អាមេរិក ដោយដាក់ ៤៦ ភាគរយ សម្រាប់ប្រទេសវៀតណាម ។ ពន្ធគយភាគច្រើនផ្តោតលើប្រទេសអាស៊ី ដោយយកពន្ធ ២៦ ភាគរយសម្រាប់ឥណ្ឌា ២៥ ភាគរយសម្រាប់កូរ៉េ និង ៣២ ភាគរយសម្រាប់ឥណ្ឌូនេស៊ី ។
នេះអាចនាំឲ្យមានការកើនឡើង តម្លៃរហូតដល់ ៤៦ ភាគរយសម្រាប់ស្មាតហ្វូន Galaxy នៅអាមេរិក ប្រសិនបើ Samsung សម្រេចចិត្តផ្ទេរការ ចំណាយបន្ថែមទៅលើអ្នកប្រើប្រាស់។
ដំបូងឡើយ វាត្រូវបានគេសន្មត់ថា ផលប៉ះពាល់លើការប្រកួតប្រជែងតម្លៃរបស់ស្មាតហ្វូន Galaxy ធៀបនឹងស៊េរី iPhone របស់ Apple នឹងមានកម្រិត ដោយសារ Apple ក៏ត្រូវបានគេរំពឹងថា នឹងប្រឈមមុខនឹងការកើនឡើង តម្លៃស្រដៀងគ្នាផងដែរ៕
