ព្រុចសែល៖យោងតាមការចេញ ផ្សាយពីគេហទំព័រ Japan Today បានប្រាប់ឲ្យដឹងថា បណ្តាប្រទេសសហភាពអឺរ៉ុប ភាគច្រើនបានគាំទ្រផែនការ ដើម្បីយល់ព្រម លើកិច្ចព្រមព្រៀង មួយស្តីពីគោលដៅផ្លាស់ប្តូរ អាកាសធាតុថ្មីរបស់ពួកគេ នៅខែកញ្ញា ខាងមុខនេះ ដើម្បីការពារផែនដីមនុស្សជាតិ នាពេលបច្ចុប្បន្ននេះ។
បណ្តាប្រទេសសហភាពអឺរ៉ុបកំពុងចរចា អំពីគោលដៅផ្លាស់ប្តូរ អាកាសធាតុឆ្នាំ ២០២៤ ថ្មីរបស់ពួកគេ ដែលគណៈកម្មការកាល ពីសប្តាហ៍មុនបានស្នើគួរតែជាការ កាត់បន្ថយការបំភាយឧស្ម័ន ៩០ ភាគរយពីកម្រិត ១៩៩០ ទោះបីជាប្រទេសនានានឹងត្រូវបានធ្វើឲ្យទិញឥណទានកាបូនអន្តរជាតិដើម្បីសម្រេចបាននូវចំណែកកំណត់នៃគោលដៅក៏ដោយ។
ក្រសួងថាមពល និងអាកាសធាតុរបស់ប្រទេសដាណឺម៉ាក បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសដាណឺម៉ាក បានកាន់តំណែងជាប្រធានាធិបតី ប្តូរវេន របស់សហភាពអឺរ៉ុបក្នុងខែនេះ និងកំពុងធ្វើជាប្រធានការចរចា ក្នុងចំណោមប្រទេសនានាលើគោលដៅនោះ មានគោលបំណងធ្វើកិច្ចព្រមព្រៀង មួយនៅកិច្ចប្រជុំកំពូល នៃរដ្ឋមន្ត្រីនាខែកញ្ញា។
រដ្ឋមន្ត្រីក្រសួងអាកាសធាតុ ដាណឺម៉ាក Lars Aagaard បាននិយាយ បន្ទាប់ពីកិច្ចប្រជុំ របស់រដ្ឋមន្ត្រីអាកាស ធាតុរបស់ប្រទេសសហភាពអឺរ៉ុបនៅទីក្រុង Aalborg ប្រទេសដាណឺម៉ាកបានបញ្ចប់កាលពីថ្ងៃទី ១១ ខែកក្កដាថា វាមានសារសំខាន់ខ្លាំងណាស់ដែលយើងបង្រួបបង្រួម សហភាពអឺរ៉ុបជុំវិញគោលដៅអាកាសធាតុថ្មី។
ប្រភពអ្នកដឹងពីកិច្ចពិភាក្សា បាននិយាយថា កិច្ចប្រជុំនោះ ភាគច្រើននៃប្រទេសសមាជិកទាំង ២៧ របស់សហភាពអឺរ៉ុប បានគាំទ្រផែនការដើម្បីចុះកិច្ចព្រមព្រៀងលើគោលដៅអាកាសធាតុឆ្នាំ ២០២៤ ក្នុងខែកញ្ញា ។ប្រភពបានបន្ថែមថា ប៉ុន្តែប្រទេសមួយចំនួនតូច រួមទាំងប៉ូឡូញ ហុងគ្រី និង សាធារណរដ្ឋឆេក បានប្រឆាំងនឹងកិច្ចព្រមព្រៀង ដែលដំណើរការលឿន ខណៈដែលប្រទេសផ្សេងទៀតទាមទារឱ្យមានការផ្លាស់ប្តូរ ចំពោះសំណើរបស់គណៈកម្មការ។
អនុរដ្ឋមន្ត្រីក្រសួងអាកាសធាតុ ប៉ូឡូញ លោក Krzysztof Bolesta បានប្រាប់ Reuters ថា នេះមិនមែនជាការសម្រេចចិត្ត ដែលយើងអាចគិតបាន ស្រាលនោះឡើយ វាប៉ះពាល់ដល់សេដ្ឋកិច្ចទាំងមូល ហើយការងារក្រោមសម្ពាធពេល វេលាបែបនេះគឺមិនសមហេតុផលទេ ។
បម្រែបម្រួលអាកាសធាតុបានធ្វើឲ្យអឺរ៉ុប ក្លាយជាទ្វីបដែលមានកំដៅលឿនបំផុត របស់ពិភពលោក ដែលបង្កជារលកកម្ដៅ និងភ្លើងឆេះយ៉ាងសាហាវ ប៉ុន្តែគោលដៅ ឆ្នាំ ២០២៤ បានធ្វើឲ្យមានភាពតានតឹងផ្នែក នយោបាយអំពីមហិច្ឆិតា ក្នុងការដោះស្រាយការប្រែប្រួលអាកាសធាតុ នៅពេលអឺរ៉ុបកំពុងបង្កើនការចំណាយ លើវិស័យការពារជាតិយ៉ាងខ្លាំង និងការព្យាយាមគាំទ្រដល់ឧស្សាហកម្ម ក្នុងស្រុកដែលកំពុងជួបការលំបាក៕
