កីឡា

លោកអ៊ុក សិទ្ធិជាតិ អំពាវនាវសហព័ន្ធកីឡាជាតិ ៣០ប្រភេទត្រូវបញ្ជូលត្រៀមដាក់ បញ្ជូនការប្រកួតកីឡាជាតិ លើកទី៣ ២០២០តាមការកំណត់

ភ្នំពេញ៖នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ លោក អ៊ុក សិទ្ធិជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា បានដឹកនាំកិច្ចប្រជុំជាមួយសហព័ន្ធកីឡាជាតិទំាង២៩ ខណៈសហព័ន្ធកីឡាបង្ហាត់ជិះសេះអវត្តមានជាលើកទី២នៃកិច្ចប្រជុំត្រៀមលក្ខណៈការប្រកួតកីឡាជាតិលើកទី៣២០២០នៅសាលប្រជុំនាយកដ្ឋានលើកទី២ ។ 

កិច្ចប្រជុំការត្រៀមលក្ខណៈការប្រកួតកីឡាជាតិ លើកទី៣ផ្តោតលើរបៀបវារៈធំៗចំនួន៣គឺ ពិនិត្យលទ្ធភាពក្នុងការសហការរៀបចំរបស់សហព័ន្ធកីឡាជាតិទាំង៣០  រៀបចំបទបញ្ញាប្រកួត និងវិញ្ញាសាតាមប្រភេទកីឡានិមួយៗ ដើម្បីរៀបចំបោះពុម្ភសៀវភៅ Technical Handbook និងពិនិត្យ ទីលានប្រកួត សម្ភារបច្ចេកទេស។

លោក អ៊ុក សិទ្ធិជាតិ បានមានប្រសាសន៍ថា សហព័ន្ធកីឡាជាតិទាំង៣០ត្រូវបញ្ជូនលិខិតស្នើរសុំ និងឯកសារជាប់ពាក់ព័ន្ធនៃការប្រកួតកីឡាជាតិ “National Games 2020” លើកទី៣ ឆ្នាំ២០២០ឲ្យបានតាមការកំណត់របស់ក្រសួងអប់រំ យុវជន និងកីឡា។ ប្រសិនសហព័ន្ធកីឡាមួយចំនួនមិនព្រមបញ្ជូលឲ្យទេ យើងនឹងដកចេញពីការប្រកួត ដោយរកសហព័ន្ធណាដែលសក្តានុភាពមកជំនួសវិញ។

លោកបានបន្តថា ការប្រកួតកីឡាជាតិលើកទី១ ឆ្នាំ២០១៦ មានប្រភេទកីឡាចំនួន១៥ វិញ្ញាសាមានចំនួន ១៨៩ រាជធានី-ខេត្តចំនួន២៥ ដោយមានមន្រ្តីដឹកនាំ និងគ្រូបង្វឹក មានចំនួន ៥៣១ នាក់ កីឡាករចំនួន ១៤៩៧ នាក់ កីឡាការិនី មានចំនួយ ៦០៩ នាក់ សរុបចំនួន ២៦ ៣៧ នាក់ ។ ចំណែកកីឡាជាតិលើកទី២ ឆ្នាំ២០១៨ មានប្រភេទកីឡាចំនួន២៧ វិញ្ញាសាមានចំនួន ២៧៤ រាជធានីខេត្ត ២៥ និង៣ក្រសួងគឺ ក្រសួងការពារជាតិ មហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មន្រ្តីដឹកនាំ និងគ្រូបង្វឹក មានចំនួន ៧៥៩ នាក់ កីឡាករចំនួន ២២៨៤ នាក់ កីឡាការិនី មានចំនួន ៩៩៩ នាក់សរុបចំនួន ២៦ ៣៧ នាក់។ ការប្រកួតកីឡាជាតិលើកទី២មានរហូតដល់២៧ប្រភេទកីឡា ដូច្នេះក្រុមគណៈកម្មការត្រូវជ្រើសរើសយកទីលានចំនួន៤ខេត្ត-រាជធានីរៀបចំធ្វើ គឺរាជធានីភ្នំពេញ ខេត្តកែប កំពត និងខេត្តកំពង់ធំ ។ 

ចំពោះកីឡាជាតិលើកទី៣ មានកីឡាទាំង៣០ប្រភេទត្រូវដាក់ប្រកួតរួមមានកីឡាបាល់ទាត់, បាល់ទះ, បាល់បោះ, អត្តពលកម្ម, ប៉េតង់, វាយសី, វាយកូនបាល់, វាយកូនឃ្លីលើតុ, ចំបាប់, តេក្វាន់ដូ W.T.F របស់កូរ៉េខាងត្បូង, ហែលទឹក, ល្បុក្កតោ, កាយសម្ព័ន្ធ, ប្រដាល់សាកល, ហ្សូរិនជីកាំប៉ូ និង តេក្វាន់ដូ I.T.F របស់កូរ៉េខាងជើង។

ការ៉ាតេដូ, ប្រដាល់គុនខ្មែរ, យូដូ, ទ្រីយ៉ាត្លុង, សូហ្វតិន្នីស, បេស្បល, ប្រណាំងកង់, សីដក់, កីឡាបាញ់កាំភ្លើង និង វ៉ូវីណាម ហើយឆ្នាំនេះក្រសួងសម្រេចថែម៣ប្រភេទកីឡាទៀត គឺម៉ូតូទឹក អុក និងកីឡាជិះសេះ។ ការប្រកួតកីឡាជាតិលើកទី៣នឹងប្រព្រឹត្តចាប់ពីថ្ងៃទី៤ដល់ថ្ងៃទី១៥ ខែឧសភាឆ្នាំ២០២០ ៕

Most Popular

To Top