ភ្នំពេញ ៖ លោក ងិន សុខបញ្ញា អគ្គលេខាធិការ នៃសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា បានមានប្រសាសន៍ថា ការកើតតឡើង នូវមេរោគ Covid-19 នេះសហព័ន្ធមានការខាតបង់យ៉ាងខ្លាំង ក្នុងការជំរុញការអភិឌ្ឍន៍ ដូចជាខាតការហ្វឹហាត់ប្រមូលផ្ដុំ ខាតបច្ចេកទេស ខាតគ្រប់បែបយ៉ាង ដោយសារតែការ លុបចោលកម្មវិធី ប្រកួតនៅក្រៅប្រទេស ។
ការប្រកួត នៅក្រៅប្រទេស មានសារៈសំខាន់ណាស់ សម្រាប់កីឡាករ ដោយវាជួយលើកទឹកចិត្តកីឡាករ ក្នុងការហ្វឹកហាត់ ដណ្ដើមយកមេដាយ ហើយក៏ជាការត្រៀមខ្លួន ធ្វើជាម្ចាស់ផ្ទះកីឡា SEA GAMES នៅ ឆ្នាំ២០២៣ ផងដែរ ។ ប៉ុន្តែការខាតនេះយើងត្រូវគិតថា វាមិនធំអីជាងសុវត្ថិភាព របស់យើងទេ ព្រោះ យើងត្រូវទប់ស្កាត់វិបិត្តកូរូណានេះ ទាំងអស់គ្នា ព្រោះថា ការប្រកួតយើងអាចអត់ ប្រកួតបានលើកនេះតែ លើកក្រោយយើងអាច ចូលរួមប្រកួតបានម្ដងទៀត ។
លោកបន្តថានៅឆ្នាំ២០២០នេះ សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា បានលុបចោលប្រកួត៣កម្មវិធី ដោ យកម្មវិធីទី១ Duathlon asian championship នៅប្រទេសម៉ាឡេស៊ី ដែលគ្រោង ធ្វើនៅក្នុងខែមីនា កន្លងទៅនេះ ។ ទី២ Aquathlon asian championship នៅហុងកុង ទី៣triathlon Asian Beach Games 2020ប្រទេសចិន ។ ហើយអ្វីដែលសំខាន់មួយទៀត នៅក្រៅប្រទេសនោះគឺ ការខកការចូលរួម មហាសន្និបាតប្រចាំឆ្នាំ របស់សហព័ន្ធកីឡាទ្រីយ៉ាត្លុងអាស៊ី នៅប្រទេសជប៉ុន ។
លោកបន្ថែមថា ផែនការចូលរួមការប្រកួត នៅក្រៅប្រទេសនោះ យើងបានលុបចោលអស់ហើយ ចឹងយើងបានសម្រេចរៀបចំផែនការថ្មី គឺសម្រួចអោយខ្លាំង សម្រាប់ត្រៀមSEA GAMES ឆ្នាំ២០២១ នៅប្រ ទេសវៀតណាម ព្រោះវាជាការប្រកួតស៊ីហ្គេមចុងក្រោយ មុនកម្ពុជាយើង ធ្វើជាម្ចាស់ផ្ទះកីឡា SEA GAMES លើកទី៣២ ឆ្នាំ២០២៣ ។
បើតាមផែនការសហព័ន្ធមុន SEA GAMES នៅវៀតណាមឆ្នាំក្រោយ មកដល់សហព័ន្ធនឹងធ្វើការបញ្ចូន អត្តពលិកចេញទៅហ្វឹកហាត់ នៅប្រទេសប្រទេសវៀតណាម រយៈពេល៣ខែ ដើម្បីត្រៀមយុទ្ធសា ស្ត្រឲ្យបានគ្រប់គ្រាន់មុន ប្រជែងជាមួយម្ចាស់ផ្ទះ ។
ជាមួយគ្នានេះដែរ លោកបានរៀបរាបពីការហ្វឹកហាត់ នៅផ្ទះរបស់អត្តពលិកបន្ទាប់ពីក្រសួងអប់រំ ធ្វើការរំសាយ ការប្រមូលផ្ដុំថា កីឡាទ្រីយ៉ាត្លុងមាន៣វិញ្ញាសារគឺ ហែលទឹក ជិះកង់ និង រត់ ដោយឡែកក្នុងការហាត់នៅផ្ទះនេះ មានការបែងចែកជា ២កម្មវិធី ទី១ហាត់សាច់ដុំ គឺហាត់ដើម្បីសាច់ដុំវានៅថេរមិនឲ្យស្រុតចុះ ទី២ ការហាត់កម្លាំង គឺបានន័យថា ហាត់រត់ ហាត់ជិះកង់លើ roller bike ។
ការហ្វឹកហាត់នេះ មិនបានពេញលេញ ដូចការប្រមូលផ្ដុំនោះទេ ព្រោះទ្រីយ៉ាត្លុង វាមានប្រភេទវិញ្ញាសារ ហែលទឹក ខណៈតាមផ្ទះ ប្រជាពលរដ្ឋនីមួយៗ មិនមានអាងសម្រាប់ហែលទឹកនោះទេ ដូច្នេះការហ្វឹកហាត់នេះគឺ ហាត់បានតែសាច់ដុំនិងកម្លាំងតែប៉ុណ្ណោះ ។ នៅពេលដែលមានការប្រមូលផ្ដុំឡើងវិញ សហព័ន្ធនឹងបំពេញបន្ថែមកន្លែង ដែលខ្វះខាតហើយសហព័ន្ធ ក៏ត្រូវចំណាយពេលយ៉ាងតិច ២ទៅ៣ខែ ផងដែរ ទើបស្ថានភាពកីឡាករ បានល្អប្រសើរដូចដើម ៕
ដោយ៖លី ភីលីព