កីឡា

លោក ស សុខា៖ ក្រសួងអប់រំ នឹងប្រកាសបង្កើត នាយកដ្ឋានកីឡា២ថែមទៀត

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០លោក ស សុខា រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡាបានអញ្ជើញដឹកនាំ កិច្ចប្រជុំការងារប្រចាំខែ ជាមួយនាយកដ្ឋានកីឡាទាំង៤ ខណៈក្រសួង នឹងបង្កើតនាយកដ្ឋានកីឡា២ថែមទៀត ដើម្បីជំរុញការគ្រប់គ្រង ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។

លោក ស សុខា បានមានប្រសាសន៍ថា នាយកដ្ឋានកីឡាទាំង៤ ត្រូវរក្សាអនាម័យគ្រប់ទីកន្លែង តាមនាយកដ្ឋានកីឡានីមួយៗមិនថា រដូវកាលមេរោគកូរ៉ូណា គឺគ្រប់ពេលវេលាទំាងអស់។ នាពេលខាងមុខនេះ ក្រសួងអប់រំ យុវជន និងកីឡា នឹងបង្កើតនាយកដ្ឋានកីឡា២ទៀត គឺនាយកដ្ឋានកីឡារៀបចំការប្រកួត និងនាយកដ្ឋាន កីឡាគ្រប់គ្រងទិន្នន័យព័ត៌មាន ដើម្បីជំរុញគ្រប់គ្រងការប្រកួត និងព័ត៌មាន ត្រៀមការព្រឹត្តិការណ៍ ការប្រកួតកីឡា SEA GAMES 2023 ដែលកម្ពុជាធ្វើម្ចាស់ផ្ទះការប្រកួត។

លោករដ្ឋលេខាធិការបានបន្តថា នាយកដ្ឋាន និងការិយាល័យជាប់ពាក់ព័ន្ធ នឹងសន្និសុខនៅពហុកីឡដ្ឋានជាតិ និងមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ត្រូវចុះពិនិត្យមើល ពួកគេសម្លៀកបំពាក់ និងឧបករណ៍សន្និសុខ ត្រូវឲ្យមានគ្រប់ ជាពិសេសកន្លែងចំណតត្រូវកំណត់ថា កន្លែងជាចំណត សម្រាប់បុគ្គលិកមន្ត្រីរាជការ មន្ត្រីសហព័ន្ធកីឡាជាតិ ដែលមានទីតាំង ក្នុងពហុកីឡដ្ឋានជាតិ និងចំណតសម្រាប់ក្រុមហ៊ុនឯកជន។

លោក ស សុខាបានបន្ថែមទៀតថា សហព័ន្ធកីឡាជាតិចំនួន១៣ ក្នុងចំណោម៣២ បានលើកឡើង ពីការកាត់ប្រាក់ឧបត្ថម្ភ របស់កីឡាករ-កីឡាការិនី ដូច្នេះប្រសិនយើង អាចបើកប្រាក់ឧបត្ថម្ភ របស់កីឡាករ-កីឡាការិនី តាមប្រព័ន្ធអេឡិចត្រូនិចក៏ល្អដែរ។ បើកីឡាករ-កីឡាការិនី សម្រេចចិត្តជួយឧបត្ថម្ភ ដល់សហព័ន្ធ ឬគ្រូបង្វឹក និងកីឡាករ-កីឡាការិនីបម្រុងនោះ ជារឿងធម្មតាសម្រាប់ពួកគេទៅវិញ ប៉ុន្តែបើកាត់ទំាងបង្ខំវិញ គឺខុសហើយ៕ ដោយ៖លី ភីលីព

Most Popular

To Top