កីឡា

ពុយ វណ្ណៈ និង វ៉ែន ហុងជីវ៉ុង បាត់បង់ឱកាសឡើង ទៅវគ្គផ្ដាច់ព្រ័ត្រនៃ TV5 Boxing Knock-Out Serie by K-Cement

ភ្នំពេញ៖ អ្នកប្រដាល់គុនខ្មែរ ពុយ វណ្ណៈ ក្លិបឃ្លាំងមឿង កីឡាបានបាត់បង់ឱកាសយ៉ាងធំ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ TV5 Boxing Knock-Out Serie by K-Cement បន្ទាប់ពីអ្នកប្រដាល់រូបនេះ បរាជ័យក្រោមថ្វីដៃជើង របស់អ្នកប្រដាល់គុនខ្មែរស្រករក្រោយ សោម វិឆ័យ ក្លិបពន្លឺវិបុលទៅវិញ។

សម្រាប់ក្នុងជំនួប វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃព្រឹត្តិការណ៍TV5 Boxing Knock-Out Serie by K-Cement នាយប់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២០ វណ្ណៈ បានបង្ហាញនូវភាពជឿជាក់ថា ការប្រកួតនេះគេសង្ឃឹមថា ៧០ភាគរយ ជ័យជម្នះនឹងធ្លាក់មក ក្នុងកណ្ដាប់ដៃរបស់គេ ព្រោះគេត្រូវការណាស់ នូវកៅអីសម្រាប់វគ្គផ្ដាច់ព្រ័ត្រ ។

ចំពោះវិឆ័យវិញ គេបាននិយាយ មុនពេលឡើងសង្វៀនប្រកួតថា នេះជាការប្រកួតមួយដ៏តឹងតែង ព្រោះទាំងរូបគេ ទាំងវិឆ័យ សុទ្ធតែមិនទាន់ស្គាល់ចាញ់ដូចគ្នា នៅក្នុងព្រឹត្តិការណ៍នេះ ហើយគេត្រូវតែបញ្ចេញ ឲ្យអស់នឹងវ៉ៃ ដោយប្រុងប្រយ័ត្នព្រើ ទាំងរូបគេ ទាំងវណ្ណៈ សុទ្ធតែត្រូវការឈ្នះដូចគ្នា ។ ការប្រកួតពិតជា មានលក្ខណៈតឹងតែងមែន ចំណែក វណ្ណៈ សម្រុកចូលមករហូត ព្រមទាំងវ៉ៃចេញច្រើនទៀតផង តែការវ៉ៃចេញរបស់គេ ហាក់ដូចជាមិនសូវ ចំគោលដៅនោះឡើយ ។ វិឆ័យ ដកថយតាមយុទ្ធសាស្ត្រក៏ពិតមែន ហើយស្ថិតិនៃការវ៉ៃចេញ ក៏មិនច្រើនដូចវណ្ណៈ តែការវ៉ៃចេញរបស់គេ ចំគោលដៅបានល្អ និង ច្រើនជាង ។

ដោយការប្រកួតមានតែ៣ទឹកនោះ ពួកគេបានវ៉ៃគ្នា ដោយមិនសំចៃកម្លាំងឡើយ ពិសេសនៅទឹកទី៣ អ្វីៗដែលគេមានគេ បញ្ចេញទាំងអស់តែម្ដង ទីបំផុត សោម វិឆ័យ ក្លាយជាម្ចាស់កៅអី សម្រាប់វគ្គផ្ដាច់ព្រ័ត្រ ចំពោះវណ្ណៈ នៅសល់តែឱកាស ប្រជែងយកកៅអី ចំណាត់ថ្នាក់លេខ៣ប៉ុណ្ណោះ ។

ចំពោះមួយគូទៀត អ្នកប្រដាល់រិន សារដ្ឋ ក្លិបបញ្ជាការដ្ឋានកងទ័ពជើងទឹក ក៏ប្រជែងបានកៅអីសម្រាប់ វគ្គផ្ដាច់ព្រ័ត្រដែរ បន្ទាប់ពីប្រកួតឈ្នះអ្នកប្រដាល់វ៉ែន ហុងជីវ៉ុង ក្លិបកងកេងកីលាមានរិទ្ធ ខេត្តបាត់ដំបង ដោយពិន្ទុមកនោះ ។ ការប្រកួត រវាងអ្នកប្រដាល់ទាំង២រូបនេះ ក៏តឹងតែងខ្លាំងដែរ ជីវ៉ុងជួបបរាជ័យមែន តែមួយព្រឹត្តិការណ៍នេះ គេវ៉ៃបានល្អ ហើយគេបានធ្វើឲ្យគូប្រកួត ទ្រមខ្លួនទៀតផង ។

សារដ្ឋ ដែលឈ្នះនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ គេត្រៀមខ្លួនប្រកួតផ្ដាច់ព្រ័ត្រ ជាមួយសោម វិឆ័យ ដែលឈ្នះនៅវគ្គ ពាក់កណ្ដាលផ្ដាច់ព្រ័ត្រដូចគ្នា ចំពោះវ៉ែន ហុងជីវ៉ុង នឹងត្រូវប្រកួតជាមួយ ពុយ វណ្ណៈ ដណ្ដើមចំណាត់ថ្នាក់លេខ៣ ដែលចាញ់នៅវគ្គពាក់កណ្ដាល ផ្ដាច់ព្រ័ត្រដូចគ្នា ៕ ដោយ៖លី ភីលីព

Most Popular

To Top