កីឡា

លោក ហែម គិរី ៖ការសាងសង មណ្ឌលហែលទឹក ខេត្តបាត់ដំបង ទទួលបានលទ្ធផល ៦០ភាគរយហើយ

ភ្នំពេញ ៖ ការសាងសងមណ្ឌល ហែលទឹក ខេត្តបាត់ដំបង ដែលមានលក្ខណៈស្តង់ដារ អន្តរជាតិ និងមានតម្លៃ ប្រមាណ២លានដុល្លារ អាមេរិក នោះនឹងលេចចេញជារូបរាងឡើង នៅក្នុងទឹកដីខេត្តបាត់ដំបង នាពេលខាងមុខ បន្ទាប់ពីបានសាងសង់ រយៈពេល៨ខែ ទទួលបានលទ្ធផល ៦០ភាគរយ ហើយគិតត្រឹមខែនេះ។

លោក ហែម គិរី អគ្គលេខាធិការ នៃសហព័ន្ធកីឡាខ្មែរហែលទឹក បានឲ្យដឹងថា មណ្ឌលហែលទឹកខេត្តបាត់ដំបងនេះ បានបើកដំណើរការចាប់តាំងពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ គិតត្រឹមពេលនេះ យើងចំណាយពេលអស់៨ខែ ក្នុងការសាងសង ដោយយើងទទួលបានលទ្ធផល៦០ ភាគរយក្នុងការវាយតម្លៃ សម្រេចបានធំៗ តួអាងទំាង៣រួមមានអាងហែល អាងលោត និងអាងកម្តៅសាច់ដុំ ចេញជារូបរាងហើយ ចំណែកគ្រោងអាគារទំាងអស់ ក៏រួចរាល់ផងដែរ ។

លោកបានបន្តថា ការសាងសងនេះ អាចបញ្ចប់តាមផែនការកំណត់ ឬអាចនឹងមុន ប្រសិនមិនមានការរាំស្ទុះ ដោយដំណើរការ សាងសងយ៉ាងរលូន ចំពោះគម្រោងដំណើរ ការសាងសងមណ្ឌលហែលទឹក ខេត្តបាត់ដំបង ចំណាយពេល២៤ខែ (ស្មើ២ឆ្នាំ) ។ ការសាងសង់ឡើង តាមស្តង់ដារអន្តរជាតិ លើផ្ទៃដី សាងសង់ទំហំ ១១២ ម៉ែត្រ គុណនឹង ៦៥ ម៉ែត្រ ក្រោមគំនិតផ្ដួចផ្ដើម របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។

លោកបានបន្តថា ការសាងសង់អាងហែលទឹកនេះឡើង ចង់ឲ្យកីឡាហែលទឹកខេត្តបាត់ដំបង់ មានសកម្មភាពឡើងវិញ ឬរស់ឡើងវិញដូច្នេះយើង ត្រូវការអាងហែលទឹកថ្មី ហើយអាងហែលទឹកមានទំហំដូច អាងហែលទឹកខេត្តកំពង់ចាម មានអាងសម្រាប់ប្រកួត មានទំហំ២៥ម៉ែត្រគុណ៥០ ម៉ែត្រ និងជម្រៅ២ម៉ែត្រ ។ អាងលោតទឹកទំហំ២០ម៉ែត្រ គុណ២៥ម៉ែត្រ ជម្រៅ ៤,៥ម៉ែត្រ ។ ប៉មលោតទឹកកម្ពស់១០ម៉ែត្រ ចែកជាថ្នាក់លោតកម្ពស់៣,៥ម៉ែត្រ, ៧ម៉ែត្រ និង១០ម៉ែត្រ ។

អាងទាំងបី និង ប៉មលោតទឹក ត្រូវសាងសង់នៅលើខឿនទំហំ ៤០ ម៉ែត្រ គុណ១១២ម៉ែត្រ ខ្ពស់ជាងដីកំណើត ១,៥ ម៉ែត្រ ។ អាងទឹកក្នុងដីសម្រាប់រក្សាតុល្យភាពទឹក អាងទាំងបី ទំហំ១០ម៉ែត្រ គុណ១៥ ម៉ែត្រ ជម្រៅ ២,៥ ម៉ែត្រ ។ កន្លែងអង្គុយទស្សនាទំហំ៧ម៉ែត្រ គុណ៨៣ម៉ែត្រ ចំណុះ ៤០០នាក់ ក្នុងនោះសម្រាប់គណៈអធិបតី ចំនួន៥០នាក់ ។
បន្ទប់ម៉ាស៊ីនចម្រោះ ទំហំ៧ម៉ែត្រ គុណ១៣ម៉ែត្រ បន្ទប់ឃ្លាំងទំហំ៧ម៉ែត្រ គុណ១០ ម៉ែត្របន្ទប់ផ្លាស់សំលៀកបំពាក់ទំហំ ៤ម៉ែត្រ គុណ ៧ម៉ែត្រ ចំនួន៣បន្ទប់ ព្រមទំាងបន្ទប់ទឹកកីឡាករ២ បន្ទប់ កីឡាការិនី ២បន្ទប់ ។ បន្ទប់ទឹកសាធារណៈ២កន្លែង បុរស៦បន្ទប់ នារី៦ បន្ទប់ជនពិការ ១បន្ទប់ទីធ្លាចំណតរថយន្ត និងទោចក្រយានយន្ត៧០០ម៉ែត្រការេ។

អគារពហុប្រើប្រាស់ទំហំ៧ម៉ែត្រ គុណ៣៥ម៉ែត្រ ពីរជាន់ ចែកជាបន្ទប់ពិសេសគណៈ អធិបតីទំហំ៧ម៉ែត្រ គុណ១០ម៉ែត្រ។បន្ទប់ពហុប្រើប្រាស់ទំហំ៧ម៉ែត្រ គុណ១៥ម៉ែត្រ បន្ទប់បញ្ជាការប្រកួតទំហំ៣ម៉ែត្រ គុណ៥ម៉ែត្រ ។ បន្ទប់ឃ្លាំងជាន់ទី១ទំហំ៤ម៉ែត្រគុណ៥ម៉ែត្របន្ទប់សង្គ្រោះបន្ទាន់ទំហំ៤ម៉ែត្រ គុណ៥ម៉ែត្រ។ បន្ទប់អាជ្ញាកណ្ដាល ទំហំ៤ម៉ែត្រ គុណ៥ម៉ែត្រកន្លែង សម្រាករយៈពេលខ្លី ក្នុងពេលប្រកួតទំហំ៤ម៉ែត្រ គុណ២៤ម៉ែត្រ។បន្ទប់ស្នាក់នៅសម្រាប់កីឡាករនាក់ទាំងពីរភេទ ចំនួន៩ ទំហំ៣,៥ម៉ែត្រ គុណ១៦ម៉ែត្រ បន្ទប់បរិភោគ និងចង្ក្រាន ទំហំ៥ម៉ែត្រ គុណ៨ម៉ែត្រ និងសាងសង់រយៈពេល២៤ខែ។

លោកអគ្គលេខាធិការបានប្រាប់ថា អាងទឹកនេះកសាងឡើងដោយយកគំរូប្លង់ តាម«មណ្ឌលកីឡាហែលទឹកតេជោសែន ខេត្តកំពង់ចាម ដោយគំរោងប្រើប្រាស់ ថវិកាប្រមាណ ២,០០០, ០០០ ដុល្លារ(ពីរលានដុល្លារ សហរដ្ឋអាមេរិក) ដើម្បីអាចឲ្យកីឡាករ-កីឡាការនី ទាំងជាតិ និងអន្តរជាតិ ក៏ដូចជាមហាជនទូទៅ ធ្វើការហ្វឹកហាត់ កីឡាហែលទឹក ដើម្បីសុខភាព ។ ជាមួយគ្នានេះ អាងទឹកនេះ ក៏ជាកន្លែងប្រកួតកម្រិតជាតិ ឬអាចប្រកួតកម្រិតតំបន់បាន ។

សាងសង់មណ្ឌលកីឡា ហែលទឹកនៅ ខេត្តបាត់ដំបងនេះ ជាផែនការមេ របស់សហព័ន្ធកីឡាខ្មែរហែលទឹក ក្នុងការអភិវឌ្ឍនិងបណ្ដុះបណ្ដាលកីឡាករ-កីឡាការនីឈុតធំ និងថ្នាលដើម្បីត្រៀមចូលរួមប្រកួតព្រឹត្តិការណ៍ កីឡាកីឡាថ្នាក់ខេត្ត ថ្នាក់ជាតិ និងការប្រកួតកីឡាស៊ីហ្គេម ២០២៣ ( SEA GAMES 2023 ) នាពេលខាងមុខ ។

សូមបញ្ជាក់ថា មណ្ឌលកីឡាហែលទឹកនៅខេត្តបាត់ដំបង ដែលមានទីតាំង ស្ថិតនៅក្នុងបរិវេណ នៃសាកលវិទ្យាល័យខេត្តបាត់ដំបងនេះ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០១៩ ក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និង ជាប្រធានសហព័ន្ធកីឡាខ្មែរហែលទឹក ៕
ដោយ៖លី ភីលីព

Most Popular

To Top