កីឡា

លោក ដួង ហេង ៖ សហព័ន្ធកីឡាវាយកូនឃ្លី លើតុកម្ពុជា ចាប់ផ្តើមបណ្តុះបណ្តាល ធនធានមនុស្ស ពីសាលារៀនចិន និងសាលាភាសា អន្តរជាតិនៅភ្នំពេញ

ភ្នំពេញ៖ លោក ដួង ហេង អនុប្រធានទី១ នៃសហព័ន្ធកីឡាវាយកូនឃ្លី លើតុកម្ពុជា បានមានប្រសាសន៍ ក្នុងឳកាសកិច្ចប្រជុំថា តាមការចង្អុលបង្ហាញ របស់លោក គៀត ច័ន្ទថារិទ្ធ ប្រធានសហព័ន្ធយើង ត្រូវធ្វើការជ្រើសរើសកីឡាករ-កីឡាការិនី វាយកូនឃ្លីលើតុ នៅតាមគ្រឹះសិក្សា សាលាចំណេះដឹងទូទៅ ទាំងរដ្ឋ និងឯកជននៅរាជធានីភ្នំពេញ ដែលជាដំណាក់កាលទី១ របស់សហព័ន្ធ។

លោកអនុប្រធានបានបន្តថា ដំបូងយើងផ្តើមពីសាលារៀនចិន និងសាលាភាសាអន្តរជាតិ មួយចំនួនដែលមានទីលានហ្វឹកហាត់សិន នេះគឺជាទិសដៅអនុវត្តបន្ត សហព័ន្ធត្រូវស្វែងរកធនធាន ក៏ដូចជាបណ្ដុះកីឡាករ-កីឡាការិនីថ្មីៗ សម្រាប់ត្រៀមព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ ។

លោក ដួង ហេង បានបន្ថែមទៀតថា ចំពោះព្រឹត្តិការណ៍ ការប្រកួតកីឡា SEA GAMES 2021 លើកទី៣១ ដែលវៀតណាម ធ្វើម្ចាស់ផ្ទះ នាពេលខាងមុខនេះ ។ សហព័ន្ធក៏បានឲ្យមានការជ្រើសរើសកីឡាករ-កីឡាការិនីកូនខ្មែរ កំពុងរស់នៅក្រៅប្រទេស ដែលមានចំណូលចិត្តលើកីឡា វាយកូនឃ្លីលើតុនេះផងដែរ ៕ដោយ៖លី ភីលីព

Most Popular

To Top