ភ្នំពេញ ៖ យោងតាមផេក របស់សហព័ន្ធកីឡាគុន ដាវកម្ពុជា បានឲ្យដឹងថា ក្រោយការចង្អុលបង្ហាញ និងពិគ្រោះយោបល់ ជាមួយថ្នាក់ដឹកនាំសហព័ន្ធកីឡា គុនដាវកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា ក្រុមកីឡាគុនដាវកម្ពុជា ទទួលបានទីតាំងហ្វឹកហាត់ថ្មី ២កន្លែងបន្ថែមទៀត ក្នុងឆ្នាំ២០២០នេះ ។
ដោយសារបញ្ហាជំងឺរាតត្បាត ជាសកលCOVID-19 បានធ្វឲ្យការហ្វឹកហាត់ របស់ក្រុមកីឡាជម្រើសជាតិ គុនដាវជួបនូវ បញ្ហាជាច្រើន ដូចជាទីកន្លែងហ្វឹកហាត់ ត្រូវបិទ ពេលវេលាហ្វឹកហាត់ មិនគ្រប់គ្រាន់ និងពុំមានសម្ភារៈ នៅកន្លែងហ្វឹកហាត់ជាដើម ។ បញ្ហាទាំងនេះបានធ្វើឲ្យសិទ្ធិផល (ឬគុណផល)របស់កីឡាករ-កីឡាការិនី យើងមានការធ្លាក់ចុះ។
កន្លងមក យើងបានសាកល្បងវិធីជាច្រើន ដូចជាការហ្វឹកហាត់នៅផ្ទះ ការហ្វឹកហាត់នៅដោយខ្លួនឯង ការហ្វឹកហាត់ដែលមានការតាមដាន ពីគ្រូតាមប្រព័ន្ធអនឡាញ ប៉ុន្ដែ វាមិនមានភាព ប្រសើរឡើយ ។
កត្តាប្រឈមទាំងនេះ បានធ្វើឱ្យថ្នាក់ដឹកនាំមានការបារម្ភ ហើយក៏បានប្រជុំពិភាក្សា ជាមួយមន្រ្ដីបច្ចេកទេសសហព័ន្ធ និងគ្រូបង្វឹក ដើម្បីស្វែងរកដំណោះស្រាយ ។ ជាលទ្ធផល យើងទទួលបានការគាំទ្រ ពីថ្នាក់ដឹកនាំសហព័ន្ធ និងក្រសួង ដោយសម្រេចផ្ដល់ទីតាំង ដល់ក្រុមកីឡាគុនដាវ ត្រលប់មកហ្វឹកហាត់ ឱ្យស្របតាមផែនការពីមុន ។
ទីតាំងថ្មីពីររួមមាន ៖ ទីតាំងសាលខាងក្រៅ ៖ ពហុកីឡដ្ឋាន វេស្ទើន ដែលមានទីតាំងនៅផ្លូវលេខ ៥៩៨សេ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងទីតាំងសាលខាងក្នុង ៖ អគាហ្វឹកហ្វឺនកីឡាបាល់បោះ នៃមជ្ឍមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ពហុកីឡដ្ឋានជាតិអូឡាំពិក ។ដោយ៖លី ភីលីព





