ASUNCION៖កីឡាករបាល់ទាត់ដ៏ល្បីល្បាញ Ronaldinho ត្រូវបានដោះលែងពីការឃុំខ្លួនក្នុងផ្ទះនៅប៉ារ៉ាហ្គាយ បន្ទាប់ពីលោកត្រូវជាប់ឃុំជិត ៦ ខែ ពីបទប្រើប្រាស់លិខិតឆ្លងដែនក្លែងក្លាយ យោងតាមការចេញផ្សាយពី គេហទំព័រឆៃណាឌៀលី។
ចៅក្រមបានព្យួរការចោទប្រកាន់លើកីឡារកបាល់ទាត់អាយុ ៤០ ឆ្នាំ និងបងប្រុសរបស់លោក Roberto Assis បន្ទាប់ពីពួកគេបានប្តឹងតវ៉ាជាមួយព្រះរាជអាជ្ញា។ ចៅក្រម Gustavo Amarilla បានប្រាប់តុលាការនៅ Asuncion ថា វិធានការណ៍ប្រុងប្រយ័ត្ននៃការចាប់ខ្លួនត្រូវបានដកចេញ គ្មានការរឹតបន្តឹងណាមួយត្រូវបានដាក់ដោយ យុត្តិធម៌នៅ ប៉ារ៉ាហ្គាយឡើយ ។
លោកRonaldinho និងលោក Assis បានចំណាយពេលជាងមួយខែ នៅក្នុងពន្ធនាគារមុនពេលត្រូវផ្លាស់ទៅនៅសណ្ឋាគារផ្កាយ ៤ Palmaroga បន្ទាប់ពីបង់ប្រាក់ធានាចំនួន ១,៦ លានដុល្លារសហរដ្ឋអាមេរិក។ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា បងប្អូននឹងហោះត្រឡប់ទៅ ទីក្រុងរីយ៉ូដឺហ្សានេរ៉ូ តាមយន្តហោះឯកជន ។
យោងតាមកិច្ចព្រមព្រៀង ជាមួយក្រុមអ្នកស៊ើបអង្កេតលោក Ronaldinho បានយល់ព្រមពិន័យជាប្រាក់ចំនួន ៩ ម៉ឺនដុល្លារអាមេរិក ហើយត្រូវរាយការណ៍ទៅចៅក្រមសហព័ន្ធនៅប្រេស៊ីលរៀងរាល់ ៣ ខែម្តង ក្នុងរយៈពេល ២ ឆ្នាំ៕ ដោយ៖លី ភីលីព


