ភ្នំពេញ ៖ លោក អ៊ូ រតនា អគ្គលេខាធិការ នៃសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា នាយប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ បានចុះសួរសុខទុក្ខ និងផ្តល់សម្លៀកបំពាក់ ដល់កីឡាករ-កីឡាការិនីកីឡាវ៉ូវីណាម ដើម្បីត្រៀមព្រឹត្តិការណ៍ ការប្រកួតកីឡាវ៉ូវីណាម ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២០ នៅមជ្ឈមណ្ឌជាតិ ហ្វឹកហ្វឺនកីឡា ។
លោក អ៊ូ រតនា បានមានប្រសាសន៍ថា កីឡាករ-កីឡាការិនីកីឡាវ៉ូវីណាម ធ្វើហ្វឹកហាត់នេះ មានចំនួន៤០នាក់ ក្នុងនោះក្រុមជម្រើសជាតិ ឈុតធំ ក្រុមជម្រើសជាតិថ្នាល និងក្រុមកីឡាបម្រុង ហើយពួកគេហ្វឹកហាត់ ជារៀងរាល់ថ្ងៃ ដោយមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការប្រយុទ្ធប្រឆាំង មេរោគCOVID-19 ។
លោកសង្កេតឃើញថា អត្តពលិកមានការរីកចម្រើនច្រើន ទំាំងសមត្ថភាព បច្ចេកទេសទោះបីក្រសួងអប់រំ យុវជន និងកីឡាផ្អាកហ្វឹកហាត់ រយៈពេល១៤ថ្ងៃ បន្ទាប់ពីមេរោគ COVID-19 បានឆ្លងជាលើកទី២ នាថ្ងៃទី៣ វិច្ឆិកាកន្លងទៅ ។
លោកអគ្គលេខាធិការបន្តថា ទោះបីរីកចម្រើនច្រើនក៏ពិតមែន ប៉ុន្តែការប្រកួតធ្វើតេស្តិ៍ នៅថ្ងៃនេះ ពួកគេនៅតែមានការខ្វះខាត ចំណុចមួយចំនួន លោកឃើញថា កីឡាករ-កីឡាការិនីកីឡាវ៉ូវីណាម ប្រកួតមិនអស់ពីសមត្ថភាពឡើយ ដូច្នេះលោកអំពាវនាវ ឲ្យពួកគេត្រូវអស់សមត្ថភាព ត្រូវគិតថា ការប្រកួតមិត្តភាព ឬធ្វើតេស្តិ៍ ប្រៀបដូចការប្រកួត ពិតនៅទីលាន ។
លោកបន្ថែមទៀតថា តាំងនាមឲ្យលោក ប្រធានសហព័ន្ធ និងខ្លួនលោកផ្ទាល់ សូមថ្លែងអំណរគុណ ដល់ក្រុមហ៊ុនផលិត សម្លៀកបំពាក់ NT ដែលបានឧបត្ថម្ភអាវចំនួន៤០ ដល់ក្រុមជម្រើសជាតិឈុតធំ ក្រុមជម្រើសជាតិថ្នាល និងក្រុមកីឡាបម្រុង សម្រាប់ត្រៀម ការប្រកួតកីឡា SEA GAMES 2021នៅប្រទេសវៀតណាម និងកីឡា SEA GAMES 2023 នៅកម្ពុជា ៕



