ភ្នំពេញ ៖ នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា បានបើកវគ្គបណ្ដុះបណ្ដាលគ្រូ កម្រិតមូលដ្ឋានថ្នាលកីឡា វាយកូនឃ្លីលើតុរបស់ខ្លួន ចំនួន៣០រូប នៅខេត្តកំពតពីថ្ងៃទី១៨ដល់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ដោយ វគ្គនេះដំណើរការទៅក្រោមថវិកា របស់ក្រសួងអប់រំយុវជន និង កីឡា ។
លោក ស៊ុន សុទ្ធារិទ្ធ អគ្គលេខាធិការសហព័ន្ធកីឡា វាយកូនឃ្លីលើតុកម្ពុជា បានប្រាប់ឲ្យដឹងថា វាគ្មិនចំនួន៥រូប ដែលជាគ្រូឧទ្ទេសសម្រាប់វគ្គនេះ មានរូបលោកជា អគ្គលេខាធិការ លោក អ៊ុន មីឌី លោកបោយ បញ្ញា លោកឃុន ផានិត និង លោកង៉ូយ ប៊ុនថង ចំពោះសិក្ខាកាមគឺជាមកពីបណ្ដាវិទ្យាល័យ អនុវិត្យាល័យនានាក្នុងខេត្តកំពត ។
វគ្គនេះនឹងសិក្សា ពីប្រវត្តិសង្ខេប របស់សហព័ន្ធកីឡា វាយកូនឃ្លីអន្តរជាតិ និងកម្ពុជាច្បាប់ នៃការប្រកួត ការកំដៅសាច់ដុំ និងបន្ធូរសាច់ដុំ ព្រមទំាងហ្វឹកហាត់ពីរបៀបការរ៉ាកែត និងជំហរប្រុងប្រៀប។ ការអនុវត្តន៍លើទីលានហ្វឹកហាត់ បច្ចេកទេសវាយស្ដាំដៃ វាយ អូស វាយផ្ទប់ស្ដាំដៃ បច្ចេកទេសវាយឆ្វេងដៃ វាយអូស និង ទប់ឆ្វេងដៃ ។
ហ្វឹកហាត់ពីបច្ចេកទេស នៃការបើកសេវា របៀបទទួលសេវា ការចាក់កឹបបាល់ ជាមួយនេះក៏មានកម្មវិធីការបង្ហាត់ និងបង្ហាញបច្ចេកទេស ដល់សិស្ស នៅសាលារៀនកំពតក្រុងទៀតផង ចំណែកសិក្ខាកាម ចូលរៀនវគ្គនេះនឹងត្រូវឆ្លង កាត់ការធ្វើតេស្តិ៍ ក្រោយបញ្ចប់ការសិក្សាសិក្ខា កាមតាំងអស់នឹងបានទទួល នូវវិញ្ញាបនប័ត្របញ្ជាក់ការ សិក្សាទៀតផង ៕
ដោយ៖លី ភីលីព