Edinburgh ៖ម្ចាស់មេដាយមាសអូឡាំពិកកីឡាករ Callum Skinner បានបង្កើតវ៉ែនតាជំនាញ ដែលផ្តល់ឲ្យអ្នកជិះកង់មើល នៅខាងក្រោយក្បាលរបស់ពួកគេ យ៉ាងងាយស្រួល ដើម្បីជួយការពារគ្រោះថ្នាក់ផ្សេងៗ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
កីឡាករ Callum Skinner អាយុ ២៨ ឆ្នាំដែលបានឈ្នះមេដាយមាស និងមេដាយប្រាក់ នៃព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ ២០១៦ បានអភិវឌ្ឍបច្ចេកវិទ្យា ជាមួយរូបវិទូ Alex Macdonald បន្ទាប់ពីបានរៃអង្គាសប្រាក់ បានជាង ១០ ម៉ឺនផោន តាមរយៈយុទ្ធនាការ Kickstarter ។ វ៉ែនតាអាចឲ្យអ្នកជិះកង់មើលឃើញទៅមុខ និងថយក្រោយដោយផ្លាស់ប្តូរ ការផ្តោតអារម្មណ៍ ជាជាងងាកទៅក្រោយ។

ពួកគេប្រើកែវមុំ ដែលមានជ្រុង២ផ្នែក ជាមួយកញ្ចក់ពាក់កណ្តាលថ្លា ហើយនឹងមានតម្លៃ ១៩៩,៩៩ ផោន។ អ្នកច្នៃប្រឌិតមានមូលដ្ឋាននៅ Edinburgh សង្ឃឹមថា វ៉ែនតារបស់ពួកគេ នឹងធ្វើឲ្យអ្នកជិះកង់ស្ម័គ្រចិត្ត មានសុវត្ថិភាពជាងមុន ហើយផ្តល់ឲ្យអត្តពលិកផ្សេងទៀត រួមទាំងអ្នករត់ប្រណាំង និងអ្នកជិះផង។

លោក Skinner បាននិយាយថា ក្នុងនាមជាអ្នកជិះកង់ម្នាក់ជំនាញ ខ្ញុំដឹងច្បាស់ពីសារសំខាន់ នៃសុវត្ថិភាពចរាចរណ៍។ ខ្ញុំក៏ទទួលឥទ្ធិពលពីវ៉ែនតា HindSight ផងដែរ ដើម្បីជួយអ្នកជិះកង់អាជីព ឲ្យឈានដល់កម្រិតកំពូល៕ ដោយ៖លី ភីលីព
