ភ្នំពេញ ៖ សហព័ន្ធកីឡាលើកទម្ងន់កម្ពុជា នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ ទទួលឧបករណ៍ហ្វឹកហាត់ ក្រោមការការឧបត្ថម្ភ ពីសហព័ន្ធកីឡា លើកទម្ងន់អន្តរជាតិ “IWF” និង “ AWF” និងសហព័ន្ធកីឡា លើកទម្ងន់អាស៊ី ដើម្បីជំរុញការហ្វឹតហាត់ កីឡាករ-កីឡាការិនីកម្ពុជា ត្រៀមចូលរួមព្រឹត្តិការណ៍ ការប្រកួតកីឡា SEA GAMES 2021 ឆ្នាំ២០២១ លើកទី៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម នាខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខនេះ ។
លោក សំ សុខយី អគ្គលេខាធិការ នៃសហព័ន្ធកីឡាលើកទម្ងន់កម្ពុជា បានប្រាប់តាមប្រព័ន្ធអេឡិចត្រូនិចថា សហព័ន្ធកីឡាលើកទម្ងន់ អន្តរជាតិ “IWF” បានឧបត្ថម្ភសម្ភារហ្វឹកហាត់ ដែលមានតម្លៃ និង “AWF” និងសហព័ន្ធកីឡាលើកទម្ងន់ អាស៊ីឧបត្ថម្ភសម្ភារហ្វឹកហាត់ ស្មើនឹងទឹកប្រាក់ ៦០០០ដុល្លារអាមេរិក និងសហព័ន្ធកីឡាលើកទម្ងន់ អាស៊ីឧបត្ថម្ភសម្ភារហ្វឹកហាត់ ២ឈុត ។
នេះជាការខិតខំ របស់សមាជិកប្រតិបត្តិ សហព័ន្ធកីឡាលើកទម្ងន់កម្ពុជា ដើម្បីជួយសម្រួលដល់ហ្វឹកហាត់ ត្រៀមកីឡា SEA GAMES 2021 នៅប្រទេសវៀតណាម នាខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខនេះ ។
លោកបន្តថា ឧបករណ៍ទំាងនេះ នឹងជួយជំរុញការហ្វឹកហាត់ សម្រាប់រដូវកាលមេរោគ COVID-19 ដោយការប្រកាន់ភ្ជាប់៣កុំ និង៣ការពារ ព្រមទំាងគោរព តាមណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការពង្រឹងសមត្ថភាព និងបច្ចេកទេស ដើម្បីឲ្យទទួលគុណផលល្អ ប្រសើរមុនចេញទៅប្រកួត SEA GAMES 2021នាពេលខាងមុខនេះ ។
លោកអគ្គបានបន្ថែមទៀតថា ឆ្នាំនេះសហព័ន្ធត្រូវបានក្រសួងអប់រំ យុជន និងកីឡាអនុញ្ញាត ឲ្យចូលរួមជម្រើសជាតិឆ្នាំ២០២១ ក្នុងនោះគ្រូបង្វឹកចំនួន២រូប និងកីឡាករ-កីឡាការិនី ចំនួន៧នាក់ក្នុងនោះកីឡាការិនី៣នាក់ ។ ចំពោះគ្រូបង្វឹកចំនួន២រូប គឺអ្នកគ្រូ ទី្រ សុថាវី និងលោកគ្រូ ហាក់ ចាន់ដារ៉ា ចំណែកកីឡាករ-កីឡាការិនី ចំនួន៧នាក់ រួមមានកីឡាការិនី សេង បូរិន ប្រភេទទម្ងន់ក្រោម៤៥គីឡូក្រាម កីឡាការិនី តាន់ ប៉ុច ប្រភេទទម្ងន់ក្រោម៤៩ គីឡូក្រាម និងកីឡាការិនី រើន ស្រីនិត ប្រភេទទម្ងន់ក្រោម៧១គីឡូក្រាម ។
កីឡាករ ពេជ្យ សីហា ប្រភេទទម្ងន់ក្រោម ៥៥ គីឡូក្រាម កីឡាករ នី ចាន់ថានន់ ប្រភេទទម្ងន់ក្រោម ៦១ គីឡូក្រាម កីឡាករ ជឿម រស្មី ប្រភេទទម្ងន់ក្រោម ៥៧ គីឡូក្រាម និងកីឡាករ ជឿម ពិសិដ្ឋ ប្រភេទទម្ងន់ក្រោម ៨៩ គីឡូក្រាម ៕