Floyd Mayweather បានប៉ះទង្គិចគ្នាមួយប្រាវ ជាមួយ Jake Paul ដែលជាប្អូនបង្កើត របស់ Logan Paul កាលពីថ្មីៗនេះ ក្នុងសន្និសីទកាសែត។
Mayweather វ័យ៤៤ឆ្នាំ នឹងត្រឡប់មកកាន់សង្វៀនម្ដងទៀត នៅថ្ងៃទី ៦ ខែ មិថុនាខាងមុខនេះ ដោយត្រូវតទល់ជាមួយ Logan Paul ដែលជាតារាយូធូបក្នុងទីក្រុង Miami។ ប៉ុន្តែប្អូនរបស់ Logan បានធ្វើឲ្យអ្នកប្រដាល់មិនដែលចាញ់ មានការខឹងសម្បារយ៉ាងខ្លាំង រហូតដល់មានការវាយតប់គ្នា។
Jack វ័យ២៤ឆ្នាំ ដែលទើបតែផ្ដួលអតីតអ្នកប្រដាល់គុនចម្រុះ Ben Askren ត្រឹម៦០វិនាទី បានចូលខ្លួនក្នុងសន្និសីទកាសែត ថែមទាំងហៅ Floyd មកនិយាយទល់មុខគ្នាទៀត ។ អ្នកទាំងពីរបាននិយាយឌឺដងដាក់គ្នា បន្ទាប់មក Jack បានទាញមួករបស់ Floyd រួចរត់ចេញ។
សកម្មភាពនេះធ្វើឲ្យ Floyd ដែលជាចាស់ទុំមួយរូបខឹងជាខ្លាំង បានរត់ដេញទៅយកមួកវិញ និងបានដាក់ Jack ប៉ុន្មានដៃ ។ ពួកត្រូវបានក្រុមសន្តិសុខចាប់បំបែក ដើម្បីកុំឲ្យរឿងកាន់តែធំ ។ ប៉ុន្មានម៉ោងក្រោយមក Jack បាន Add Story របស់ខ្លួន ខណៈអ្នកគាំទ្រ ឃើញភ្នែករបស់គេម្ខាងឡើងខៀវ៕