ភ្នំពេញ៖ លោក សូម៉ៃ សុខគា ដែលជាអគ្គលេខាធិការរង សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានសម្រេចចិត្តលាឈប់ពីតំណែង ដោយសារមូលហេតុរវល់ ការងារផ្ទាល់ខ្លួនច្រើនដែលលោកមិនដកខ្លួន មកជួយការងារសហព័ន្ធ ក្នុងនាមអគ្គលេខាធិការរង ទទួលបន្ទុកបច្ចេកទេស ដោយបន្សស់ទុកស្នាដៃ ជាច្រើនតាំងពីជំនាន់សម្តេច វិបុលបញ្ញា សុខ អាន និងសម្តេចក្រឡាហោម ស ខេង ។

ក្នុងលិខិតមួយដែលលោកសុខគាផ្ញើជូនលោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា និង ជាប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជានោះបានបញ្ជាក់ថា ប្រភេទកីឡាប៊ូល និងប៉េតង់កន្លងមកមានប្រជាប្រិយភាព និងបានការទទួលស្គាល់ពីមហាជនគ្រប់ទីកន្លែង ពិសេសក្រុមកីឡាករ-កីឡាការិនីជម្រើសជាតិដណ្ដើម បានមេដាយទាំងកម្រិតតំបន់ ទ្វីប និងពិភពលោក។

លោក សូម៉ៃ សុខគា ក៏បានបញ្ជាក់នៅក្នុងលិខិតដដែលនេះថា រូបលោកក៏បានចូលរួមដឹកនាំ និងរៀបចំសហព័ន្ធនេះក្នុងនាមឋានៈជាអ្នកស្រឡាញ់ ដោយសារលោកមានភារកិច្ច ចាំបាច់នោះទើបសុំលាឈប់។ លោកសូម៉ៃ សុខគា ធ្លាប់បានប្រស្រ័យទាក់ទងជាមួយលោក CLAUDE Azema ដែលជាប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់អន្តរជាតិ ហើយលោកក៏ជាអ្នករួមចំណែក ដ៍សកម្មមួយរូបក្នុងឳកាសកម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃការប្រកួត កីឡាប៉េតង់ពិភពលោកកន្លងមក ដោយពេលនេះលោកក៏បានចាកចេញ ពីសហព័ន្ធកីឡាដ៏មានសក្ដានុពលមួយនេះហើយ ។

លោក ស សុខា ជារដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡាប៊ូល និង ប៉េតង់កម្ពុជាក៏បានឯកភាព ចំពោះសំណើលាឈប់នេះ រួចទៅហើយដែរកាលពីខែមេសា ឆ្នាំ២០២១ពេលថ្មីៗនេះដែរ ៕
