ក្រុម Manchester City ដែលជាដៃគូល្អឥតខ្ចោះ របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក្លាយជាម្ចាស់ជើងឯក English Premier League ដោយពិន្ទុឈ្នះដាច់ បើទោះបីនៅសល់ ៣ប្រកួតទៀតក៏ដោយ ក្រោយក្រុម Manchester United ទទួលបរាជ័យ ក្នុងផ្ទះខ្លួនឯង ក្នុងជំនួបជាមួយក្រុម Leicester City កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ ដោយលទ្ធផល ១-២។
ការបរាជ័យក្នុងផ្ទះខ្លួនឯង ធ្វើឲ្យក្រុម Man U រក្សាពិន្ទុ៧០ ឈរចំណាត់ថ្នាក់លេខ២ ក្នុងតារាង ជាមួយនឹងការប្រកួត ចំនួន ៣៥ ដង។ បើទោះបីជាក្រុម Man U ប្រកួត ៣ ប្រកួតលើកក្រោយឈ្នះទាំង ៣ ប្រកួតក្តី ក៏មិនអាចមានពិន្ទុទាន់ក្រុម Man City នោះទេ ដូច្នេះក្រុម Man City គ្រងដំណែងជើងឯកលីកកំពូល របស់អង់គ្លេសសម្រាប់ រដូវកាល២០២០-២០២១។ ត្រឹម៣៥ប្រកួត Man City រកបាន៨០ពិន្ទុ ដោយឈ្នះ២៥ប្រកួត ស្មើ៥ប្រកួត និងចាញ់តែ៥ប្រកួត។
លោកស្រី គង់ កុសល នាយិកាទីផ្សារក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស មានប្រសាសន៍ថា៖ «នេះគឺជាប្រវត្តិសាស្រ្ត ដ៏អស្ចារ្យមួយទៀត របស់ក្រុម Man City ហើយក្រុមហ៊ុនយើងពិតជារំភើប និងមានមោទកភាពយ៉ាងខ្លាំង ពេលឃើញដៃគូ សហការពាណិជ្ជកម្មរបស់យើង ទទួលជ័យជម្នះបែបនេះ ធ្វើឲ្យអ្នកគាំទ្រសប្បាយរីករាយ និងពេញចិត្តជាខ្លាំង»។
លោកស្រី គង់ កុសល បន្ថែមថា ទោះបីជាយើងមិនអាច ជួបជុំគ្នាបាន តែអ្នកគាំទ្រក្រុម Man City ទាំងអស់ ក៏អាចចូលរួមអបអរសាទរ ជ័យជម្នះដ៏រំភើបនេះ ទៅតាមផ្ទះរៀងៗខ្លួន៕