ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការ ប្រកួតកីឡា អាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC) បានត្រួតពិនិត្យ វឌ្ឍនភាព ការងាររៀបចំ ពិធីសម្តែង និងទទួលទង់ ស៊ីហ្គេម ពីពិធីបិទ របស់ម្ចាស់ផ្ទះ SEA GAMES ចុងឆ្នាំ២០២១ មកស៊ីហ្គេម លើក ទី៣២ និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ដែលការត្រួតពិនិត្យវឌ្ឍនភាព ការងារនេះត្រូវបានធ្វើឡើង នៅក្នុងកិច្ចប្រជុំ ដោយផ្ទាល់ និងអនឡាញ នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ ក្រោមវត្តមាន លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួង ទេសចរណ៍ និងជាអនុប្រធាន អចិន្ត្រៃយ៍ CAMSOC ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC មានប្រសាសន៍ ក្រោយបញ្ចប់កិច្ចប្រជុំនេះថា កម្ពុជាយើងបានត្រៀមនូវ ផែនការលម្អិត នៃការសម្តែង និងការទទួលទង់ SEA GAMES ឆ្ពោះមកកម្ពុជា ដោយក្នុងនោះយើងត្រៀមរៀបចំ សម្តែងសិល្បៈ វប្បធម៌ កីឡា ដើម្បីឲ្យស័ក្តិសមជាប្រទេស ដែលមានអរិយធម៌ និងបង្ហាញពីការយកចិត្តទុក ដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាទៅលើវិស័យកីឡាផងដែរ ។
ពិធីសម្តែង របស់កម្ពុជា មានរយៈពេល១០នាទី ហើយកម្ពុជា នឹងសម្តែងបង្ហាញពីវប្បធម៌ ទេសចរណ៍ ការរីកចម្រើន របស់កម្ពុជា និងការរីកចម្រើន នៃវិស័យកីឡា ដូចជាហេដ្ឋារចនាសម្ព័ន្ធកីឡាជាដើម។ «នៅក្នុងនោះកម្ពុជាយើង នឹងក៏បង្ហាញពីការត្រៀមខ្លួន បានរួចរាល់ផងដែរ ដោយរង់ចាំតែទទួលស្វាគមន៍ យ៉ាងកក់ក្តៅរបស់ភ្ញៀវ SEA GAMES ប៉ុណ្ណោះ ។
ដូច្នេះនៅក្នុងចំណុចសំខាន់ៗចំនួន៣នេះ គឺយើងបានបូកបញ្ជូលគ្នាឲ្យទៅជាទស្សនីយភាពមួយ ដែលមានទាំងការ សម្តែងរបាំ ចម្រៀង ក្បាច់គុនល្បុក្កតោ ដូចគ្នានេះដែរ កិច្ចប្រជុំថ្ងៃនេះលោកបណ្ឌិត ថោង ខុន បានពិនិត្យយ៉ាងយកចិត្តទុកដាក់ លើក្រុមជំនាញរបស់យើង គឺខាងផ្នែកក្រសួង វប្បធម៌ និងវិចិត្រ សិល្បៈបានប្រមែល ប្រមូលបណ្ឌិត សាស្ត្រាចារ្យជំនាញៗ ដើម្បីធ្វើយ៉ាងណាឲ្យការសម្តែង មួយនេះទទួលបាននូវ អត្ថន័យកាន់ តែស៊ីជម្រៅ និងមានភាព ទាក់ទាញបំផុត» ។
លោកអគ្គលេខាធិការ បន្ថែមទៀតថា នៅក្នុងពិធីសម្តែងនេះ ថ្វីដ្បិតតែមាន រយៈពេលខ្លី ពិតមែន ប៉ុន្តែធ្វើយ៉ាង ណាឲ្យរបៀប របបនៃពិធីសម្តែងនេះ ទាក់ទាញ ឲ្យគេចង់មកចូលរួម SEA GAMES និងអាស៊ាន ប៉ារ៉ាហ្គេម នៅកម្ពុជា ហើយបើកាលណា គេចូលរួមគាំទ្រ ស៊ីហ្គេមរបស់យើង នោះ SEA GAMES របស់កម្ពុជា យើងនឹងទទួលបានជោគជ័យ ជាក់ជាមិនខាន ។
លោកក៏បានបញ្ជាក់ជំហរ យ៉ាងរឹងមាំជាថ្មីផងដែរ គឺការទទួលធ្វើ SEA GAMES និងអាស៊ាន ប៉ារ៉ាហ្គេម នៅកម្ពុជា នៅតែធ្វើតាមលំដាប់លំដោយ នៃកាលបរិច្ឆេត ដែលបានកំណត់ រួចហើយ នៅក្នុងខែមិថុនា ឆ្នាំ២០២៣ បើទោះបីជាម្ចាស់ផ្ទះ SEA GAMES លើក ទី៣១ ឆ្នាំ២០២១ មានបំណងចង់លើក ពេលទៅឆ្នាំ២០២២ ឬពន្យារពេលរយៈពេលវែង SEA GAMES ឆ្នាំ២០២៣ របស់កម្ពុជា ទៅឆ្នាំ២០២៥ ឬឆ្នាំ២០២៧ យ៉ាងណាក្តី៕