ជើងខ្លាំងមកពីឆត្រយោង ៩១១ ឡៅ ចិត្រា មានឱកាសក្នុងការ សងសឹកលើរៀមច្បង ផល សោភ័ណ្ឌ វិញហើយនៅថ្ងៃទី២៥ ខែនេះ ខណៈប៉ុន្មានឆ្នាំមុន ធ្លាប់ចាញ់ក្នុងវគ្គផ្ដាច់ព្រ័ត្រ ខ្សែក្រវាត់។
នេះបើតាមការបង្ហោះលើផេក លោក ស៊ន អេលីត បានបញ្ជាក់ថាកីឡាករជើងចាស់ ផល សោភ័ណ្ឌ នឹងត្រូវប្រកួតជាមួយសិស្សគុនមកពីឆត្រយោង ៩១១ ឡៅ ចិត្រា។ អ្នកឈ្នះទទួលបានតម្លៃខ្លួន ៥០០ដុល្លារ បន្ថែមនិងប្រាក់ ១លានរៀលទៀតផង។
ដូចអ្នកតាមដានគុនខ្មែរ ដឹងហើយថា ឡៅ ចិត្រា ធ្លាប់ចាញ់ ផល សោភ័ណ្ឌ វគ្គផ្ដាច់ព្រ័ត្រខ្សែក្រវាត់ ខារ៉ាបាវ ទម្ងន់ ៦៣,៥ នៅឯសង្វៀនបាយ័ន កាលពីប៉ុន្មានឆ្នាំមុន។ នេះជាឱកាសមួយសម្រាប់ ចិត្រា សងសឹកលើ ផល សោភ័ណ្ឌ ប៉ុន្តែសងសឹកបាន ឬបន្តចាញ់ជាថ្មីទៀតក៏មិនទាន់ដឹងដែរ មានតែរង់ចាំមើលទាំងអស់គ្នា។
កម្មវិធីដែល ឡៅ ចិត្រា ប៉ះ ផល សោភ័ណ្ឌ គឺ Kun Khmer All Star របស់លោក ស៊ន អេលីត។ ការប្រកួតនេះធ្វើឡើង នៅថ្ងៃទី២៥ ខែកក្កដា ២០២១ នៅក្លឹបនាយដ្ឋានអង្គរក្ស ចាប់ពីម៉ោង ៧យប់តទៅ៕ ប្រភព៖ សប្បាយ