ភ្នំពេញ ៖ បន្ទាប់ពីបញ្ចប់បេសកកម្មនៃព្រឹត្តិការណ៍ការប្រកួតកីឡាអូឡាំពិក នៅទីក្រុងតូក្យូនោះកីឡាករអត្តពលកម្មកម្ពុជា ប៉ែន សុគង់ មិនបានវិលត្រឡប់ មកកម្ពុជាវិញឡើយ ដោយរូបគេបន្តហ្វឹកហាត់ នៅប្រទេសជប៉ុនរយៈពេល៨ខែ ដើម្បីត្រៀមការប្រកួតកីឡា SEA GAMES 2021 លើកទី៣១ នៅប្រទេសវៀតណាម ដែលបានអូសបន្លាយ រហូតដល់ពាក់កណ្ដាល ឆ្នាំ២០២២នោះ ។
កីឡាករ ប៉ែន សុគង់ បានបញ្ជាក់ពីទីក្រុងតូក្យូ តាមរយៈសារអេឡិចត្រូវនិក កាលពីយប់ម៉ិញថា រូបគេមិនទាន់បានវិលត្រឡប់ មកមាតុភូមិកម្ពុជា ជាមួយក្រុមប្រតិភូកីឡាករ កីឡាការិនីកម្ពុជា ដែលដឹកនាំដោយលោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា និងជានាយបេសកកម្ម អូឡាំពិកហ្គេមលើកនេះទេ ដោយខ្លួនត្រូវបន្តការហ្វឹកហាត់ នៅជប៉ុនរយៈពេល៨ខែបន្ថែមទៀត ។
លោកគ្រូបង្វឹក ពុធ បូររាត្រី បានមានប្រសាសន៍ថា ការហ្វឹកហាត់បន្តនៅជប៉ុននេះ គឺសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត សហការជាមួយក្លិបកីឡាអត្តពលកម្ម YUMEOMIRAI ស្ថិតនៅទីក្រុង Kanagawa រាល់ការចំណាយលើការហូបចុក-ស្នាក់នៅ និងការធ្វើដំណើរក្នុងអម្លុង ពេលហ្វឹកហាត់នេះ គឺជាបន្ទុក របស់ក្លិប YUMEOMIRAI ផ្តាល់តែម្តង ។ សម្រាប់ដំណើរការហ្វឹកហាត់ បានចាប់ផ្តើមពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២១នេះតទៅរហូតដល់ខែមេសា ឆ្នាំ២០២២ មុនពេលដែលស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២២ ដែលបានពន្យារពេល ពីចុងឆ្នាំ២០២១ទៅធ្វើ នាចុងខែមេសា ដល់ដើមខែឧសភា ឆ្នាំ២០២២ ខាងមុខ ។
បន្ទាប់ពីធ្វើមិនបានល្អ នៅក្នុង ការប្រកួតកីឡាអូឡាំពិកនោះ ប៉ែន សុគង់ បង្ហាញនូវការប្តេជ្ញាចិត្តខ្ពស់ ក្នុងការខិតខំហ្វឹកហាត់ បង្កើន គុណភាពបច្ចេកទេសឲ្យកាន់ តែល្អប្រសើរ ដើម្បីចូលរួមប្រកួតប្រជែង ក្នុងស៊ីហ្គេម នៅវៀតណាម ក៏ដូចជាត្រៀមឆ្ពោះទៅ SEA GAMES 2021 លើកទី៣២ ឆ្នាំ២០២៣ ដែលព្រះរាជាណាចក្រកម្ពុជា ទទួលធ្វើម្ចាស់ផ្ទះផងដែរ ។
ប៉ែន សុគង់ បានប្រកួតអត្តពលកម្ម លើវិញ្ញាសារត់ល្បឿន ១០០ម៉ែត្រ ដោយធ្វើបានក្នុងថិរវេលា ១១វិនាទី០២និងបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ៦ ក្នុងស៊េរី ក្នុងចំណោមកីឡាករ ៩នាក់ នៅពហុកីឡដ្ឋាន Olympic Stadium កាលពីព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ ។ ប៉ែន សុគង់ មិនអាចបំបែក កំណត់ត្រាចាស់ របស់ខ្លួនបានឡើយ នៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ដែលជាការប្រកួតកម្រិត បច្ចេកទេសខ្ពស់បំផុត របស់ពិភព លោករៀង រាល់៤ឆ្នាំម្តងមួយនេះ ។ កាលពី ស៊ីហ្គេម ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន ប៉ែន សុគង់ ធ្លាប់ធ្វើសម្រេចក្នុងថិរវេលា ១០វិនាទី៨៧ ៕ដោយ៖លី ភីលីព