កីឡា

លោកគ្រូបង្វឹក បូ ពុធរាត្រី ៖ ប៉ែន សុគង់ ធ្វើការហ្វឹកហាត់ យ៉ាងសកម្ម លើទីលាន មុនការប្រកួត អូឡាំពិកមកដល់

ភ្នំពេញ ៖ លោកគ្រូបង្វឹក បូ ពុធរាត្រី បានប្រាប់តាមប្រព័ន្ធអេឡិចត្រូនិច ពីទីក្រុងតូក្យូថា កីឡាករអត្តពលកម្ម ប៉ែន សុគង់ បង្ហាញពីការហ្វឹកហាត់ និងការត្រៀម ខ្លួនចូលរួមប្រកួតព្រឹត្តិការណ៍ ការប្រកួតកីឡា អូឡាំពិក ២០២០ “Tokyo Olympic Games 2020” នៅទីក្រុងតូក្យូរួចជាស្រេច ដោយការប្រកួតជាផ្លូវការ នារសៀលថ្ងៃទី៣១ ខែកក្កដាចុងសប្ដាហ៍នេះ ។

លោកគ្រូបង្វឹកបន្តថា កីឡាកររូបនេះបានចូលទីលាន អត្តពលកម្មហ្វឹកហាត់ ជាមួយកីឡាករ-កីឡាការិនី ចម្រុះជាតិសាសន៍ថ្ងៃនេះ ឃើញថា យើងកម្ដៅ សាច់ដុំ និងមានទឹកចិត្តល្អ ក្នុងការហ្វឹកហាត់ ដើម្បីត្រៀមក្នុងការប្រកួតផ្លូវការ នាល្ងាចថ្ងៃទី៣០ ខែកក្កដា ឲ្យបានល្អប្រសើរ ។
នៅសល់ប៉ុន្មានថ្ងៃនេះ លោកបានជំរុញការហ្វឹកហាត់ ឲ្យបានល្អ និងត្រឹមត្រូវ ហើយឆ្លៀតមើលបទពិសោធន៍ របស់កីឡាករ-កីឡាការិនី ប្រទេសផ្សេងៗ ដែលហ្វឹកហាត់ជាមួយគ្នា ដើម្បីដកស្រង់បទពិសោធន៍ ពីចលនា និង បច្ចេកទេសរបស់គេ ក៏ដូចជាមើលឃើញ នូវរបៀបយកចិត្ដទុកដាក់ ហ្វឹកហាត់របស់គេធៀប នឹងរបៀបហ្វឹកហាត់របស់កីឡាករ កីឡាការិនីយើង ។

ដូច្នេះសូមលើកទឹកចិត្ត ដល់កីឡាករ-កីឡាការិនីរបស់យើង ដែលត្រៀមប្រកួតកីឡាអូឡាំពិក ជាប្រវត្តិសាស្ដ្រ នៅទីក្រុងតូក្យូ នាពេលឆាប់ៗ ខាងមុខនេះ ។ កីឡករអត្តពលកម្ម ប៉ែន សុគង់ ត្រូវប្រកួតនារសៀលថ្ងៃទី៣១ ខែកក្កដា លើវិញ្ញាសារត់ល្បឿន ចម្ងាយ ១០០ម៉ែត្រ ៕ដោយ៖លី ភីលីព

Most Popular

To Top