ក្រុមជម្រើសជាតិអង់គ្លេសបានបន្ដភាពខ្លាំងរបស់ខ្លួន ដោយយកឈ្នះលើក្រុមអេដូរ៉ា ក្នុងលទ្ធផល ៤-០ នៅការប្រកួតជម្រុះ World Cup 2022 តំបន់អឺរ៉ុប។

សម្រាប់ការប្រកួតខាងលើ ក្រុមអង់គ្លេសហាក់មិនពិបាកក្នុងការឈ្នះឡើយ ព្រោះក្រុមអេដូរ៉ា ជាក្រុមខ្សោយ។ យ៉ាងណា លោក Gareth Southgate ក៏បានផ្ដល់ឱកាសច្រើនដល់កីឡាករមិនសូវបានលេង ឱ្យចូលលេងក្នុងការប្រកួតនេះដែរ។ ជាក់ស្ដែងដូចជា Jesse Lingard ជាដើម ដែលទើបជាប់ជម្រើសជាតិវិញ និងខ្សែប្រយុទ្ធ Bamford របស់ Leeds United ដែលទើបជាប់ជម្រើសជាតិលើកដំបូង។

ជាលទ្ធផលឃើញថា Lingard បានបំប៉ោងសំណាញ់ទី២គ្រាប់ម្នាក់ឯង ស្របពេល Kane បាន១គ្រាប់ និង Saka បាន១គ្រាប់ផងដែរ។ ក្នុងពូល I នេះ ក្រុមអង់គ្លេស៥ប្រកួតឈ្នះទាំង៥ប្រកួត និងស៊ុតគេបាន១៧គ្រាប់ របូតវិញតែ១គ្រាប់ប៉ុណ្ណោះ៕
ប្រភព៖ Sabay
