ខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេស Harry Kane បាននិយាយថាខ្លួនមិនរំពឹងអាចរកបាន៣គ្រាប់ម្នាក់ឯង ( hat-trick ) សម្រាប់ការប្រកួតយប់មិញឡើយ ដោយសារខ្លួនត្រូវប្ដូរចូលនៅនាទី៥៩ជំនួសកីឡាករ Dane Pharrell Scarlett ពោលគឺលេងត្រឹម៣១នាទីចុងក្រោយ នៃការប្រកួត UEFA Conference League ក្នុងការប្រកួតដែល Tottenham Hotspur យកឈ្នះទៅលើក្រុម Mura ៥-១។
Kane រកបាន៣គ្រាប់ម្នាក់ឯងនៅនាទីទី៦៨,៧៧,៨៨ ក្នុងវគ្គទី២។ ចំណែកគ្រាប់បាល់ពីរគ្រាប់ទៀតរកបានដោយ Dele Alli នៅនាទីទី៤ ដោយបាល់ប៉េណាល់ទី និងមួយគ្រាប់ទៀតរកបានដោយ Giovani Lo Celso នៅ៤នាទីបន្ទាប់។ ទាក់ទងការប្រកួតខាងលើខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេសបាននិយាយថា គ្រប់ខ្សែប្រយុទ្ធតែងចង់រកឲ្យបានគ្រាប់បាល់។ រូបគេមិនច្បាស់ថាបានចូលលេងផងក្នុងការប្រកួតនេះ ប៉ុន្តែគេមានឱកាស ហើយថែមទាំងអាចរកបានគ្រាប់បាល់ដ៏អស្ចារ្យរហូត៣គ្រាប់ត្រឹម៣១នាទីចុងក្រោយនៃការប្ដូរចូល។
ជ័យជម្នះរបស់ Tottenham កាលពីយប់មិញបានធ្វើឲ្យពួកគេកាន់កាប់កំពូលតារាងនៅពូល G នៃព្រឹត្តិការណ៍ខាងលើដោយមាន៤ពិន្ទុ ខណៈដែលប្រកួតទី១លេងស្មើក្រុម Rennes របស់បារាំង២-២៕ http://ប្រភព៖sabay