វីរបុរសរបស់ Manchester United លោក Paul Scholes បាននិយាយថា ព្រោះតែភាពលែងជឿជាក់ ទើបអ្នកចាត់ការ Ole Gunnar Solskjaer មិនដាក់ឲ្យ Pogba លេងទល់នឹង Atalanta។
Pogba វ័យ២៨ឆ្នាំត្រូវបានទម្លាក់ចេញ ពីជម្រើស១១នាក់ របស់លោក Ole ក្នុងការប្រកួត Champions League ជាមួយ Atalanta ក្នុងកីឡដ្ឋាន Old Trafford កាលពីយប់មិញ។ Fred និង Scott McTominay ជាអ្នករ៉ាប់រងលេង នៅតំបន់បម្រើជំនួស Pogba។
អតីតកីឡាកររបស់ United លោក Scholes បានទម្លាយឲ្យដឹងថា Solskjaer ហាក់លែងជឿជាក់លើ Pogba ហើយ។ និយាយប្រាប់ BT Sport មុនការប្រកួត Scholes លើកឡើងថា Solskjaer លែងទុកចិត្ត Pogba នៅតំបន់បម្រើទៀតហើយ។ គេព្យាយាមជឿជាក់ Pogba និងផ្ដល់ឱកាសជាច្រើនលើក ប៉ុន្តែនៅតែមើលឃើញពីចំណុចខ្វះខាត។
Scholes បន្ថែមទៀតថា ខ្វះការជឿជាក់លើកីឡាករម្នាក់ គឺមិនល្អឡើយ។ Pogba នឹងខកចិត្ត ប៉ុន្តែគេត្រូវទទួលយកវានិងត្រូវជំនះលើរឿងនេះ។ Man Utd បានយកឈ្នះ Atalanta លទ្ធផល ៣-២ ដោយ Cristiano Ronald ជាអ្នករកគ្រាប់ចុងក្រោយ យ៉ាងអស្ចារ្យ៕ Source: Sabay