ភ្នំពេញ៖ នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ម្ចាស់មេដាយកម្រិតពិភពលោក កីឡាការិនី អ៊ុក ស្រីមុំ បានវិលត្រឡប់មកដល់ កម្ពុជាវិញហើយ ដោយមានការអញ្ជើញទទួលស្វាគមន៍ យ៉ាងកក់ក្តៅនៅប្រលានយន្តហោះ ភ្នំពេញអន្តរជាតិ ពីសំណាក់លោក ស សុខា ប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា លោក អ៊ុក សិទ្ធជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា និងលោក វ៉ាត់ ចំរើន អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិអូឡាំពិក និងគណៈកម្មាធិការជាតិរៀបចំ ការប្រកួតកីឡា SEA GAMES 2023។

បន្ទាប់ពីជួបសំណេះសំណាល ថ្នាក់ដឹកនាំកីឡា នៅប្រលានយន្តហោះ ភ្នំពេញអន្តរជាតិរួចមក ម្ចាស់មេដាយកម្រិតពិភពលោក នៅប្រទេសអេស្ប៉ាញ កីឡាការិនី អ៊ុក ស្រីមុំ ក៏បន្តដំណើរចូលជួបសម្តែងការគួរសម ជាមួយលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅទីស្តីការក្រសួងអប់រំ យុវជន និងកីឡា។ ព្រឹត្តិការណ៍ការប្រកួតជ្រើសរើស ជើងឯកកីឡាប៉េតង់ កម្រិតពិភពលោក “The 2021 World Triplets Precisions Shooting Championships ” នៅទីក្រុង Santa ប្រទេសអេស្ប៉ាញ ដែលប្រព្រឹត្តថ្ងៃទី១២ដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១៕ ដោយ៖លី ភីលីព


