កីឡា

វ៉ាត់ ចំរើន៖ កម្ពុជា ត្រៀមរៀបចំ ពិធីសម្ពោធ វិមានកីឡដ្ឋាន ការរាប់ថយក្រោយ និងយុទ្ធនាការជាតិ ផ្សព្វផ្សាយ ឆ្ពោះទៅ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣

ភ្នំពេញ៖ នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ នៅគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា CAMSOCបានបើកកិច្ចប្រជុំ ប្រចាំសប្តាហ៍របស់ខ្លួនត្រៀមលក្ខណៈ រៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវវិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ នាខែធ្នូ ឆ្នាំ២០២១ ព្រមទំាងការរាប់ថយក្រោយ ៥០០ថ្ងៃ និងប្រកាសបើកយុទ្ធនាការ ផ្សព្វផ្សាយ ឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិ CAMSOC បានមានប្រសាសន៍ថា ពិធីសម្ពោធវិមានកីឡដ្ឋាននេះ មិនទាន់ត្រូវបាន កំណត់ពេលវេលាច្បាស់លាស់នៅឡើយទេ ដោយរង់ចាំការសម្រេច ពីថ្នាក់ដឹកនាំសិន។ ប៉ុន្តែអ្វីដែលសំខាន់ ពិធីសម្ពោធនេះ ត្រូវបានយកចិត្តទុកដាក់ខ្ពស់ និងជំរុញធ្វើយ៉ាងណា ឲ្យទទួលបានជោគជ័យ។ ជាមួយគ្នានោះ នៅក្នុងពិធីសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៃវិមានកីឡដ្ឋាននេះ ក៏យើងត្រៀមរៀបចំ ពិធីរាប់ថយក្រោយ ៥០០ថ្ងៃ ឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ និងការត្រៀមប្រកាសបើកយុទ្ធនាការជាតិ ស្តីពីការផ្សព្វផ្សាយ ស៊ីហ្គេម-អាស៊ាន ប៉ារ៉ាហ្គេមផងដែរ។

លោក សង្កត់ធ្ងន់ថា ការត្រៀមរៀបចំ កម្មវិធីសំខាន់ៗទាំង៣នេះ គឺយើងកំពុងធ្វើការ ដោយហ្មត់ចត់បំផុត ក្រោមការយកចិត្តទុកដាក់ខ្ពស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយកដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC ដោយសម្តេចពិជ័យសេនាតែងតែចង្អុលបង្ហាញ ឲ្យក្រុមគណៈកម្មការជំនាញទាំងអស់ ប្រឹងប្រែងធ្វើឲ្យបានល្អប្រសើរ ឲ្យស័ក្តិសម និងភាពពិសេសទៅនឹងសមិទ្ធផលដ៏អស្ចារ្យ នៃវិមានពហុកីឡដ្ឋានជាតិមរតកតេជោ។

លោកអគ្គលេខាធិការបន្ថែមទៀតថា គណៈកម្មការជំនាញទាំងអស់របស់ CAMSOC កំពុងរៀបចំការសម្តែងសិល្បៈវប្បធម៌ នៅក្នុងអត្ថន័យ នៃការរិតចំណងសាមគ្គីភាព មិត្តភាព កម្ពុជា-ចិន ដែលជាមិត្តដែកថែប ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។ ជាមួយគ្នានោះ ការរៀបចំពិធីសម្ពោធជាផ្លូវការនេះ គឺជាការបង្ហាញឲ្យឃើញ ពីការត្រៀមឆ្ពោះទៅទទួលធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ឲ្យទទួលបានជោគជ័យ ជាប្រវត្តិសាស្ត្រជាលើកដំបូង របស់ព្រះរាជាណាចក្រកម្ពុជាផងដែរ៕ ដោយ៖លី ភីលីព

Most Popular

To Top