កីឡា

វគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡា កាយសម្ព័ន្ធកម្រិត១ និងបោះជំរុំនៅខេត្តកំពង់ឆ្នាំង ទទួលបានផ្លែផ្កាល្អប្រសើរ


ភ្នំពេញ៖ វគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាកាយសម្ព័ន្ធកម្រិត១ និងបោះជំរុំ (Class P3+Tranning Camp) ដែលដំណើរការពីកន្លងមកនោះបានបញ្ចប់ហើយនៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១នេះ នៅបឋមសិក្សាសាលាលេខ៥ ខេត្តកំពង់ឆ្នាំង ក្នុងឳកាសបិទនេះដោយមានការអញ្ជើញចូលរួមពីលោក ណយ ផាណា អគ្គេលខាធិការតំណាងលោក បណ្ឌិត ថោង ខុន ប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា។


វគ្គបណ្តុះបណ្តាលនេះគឺផ្តោតសំខាន់ទៅលើផ្នែកទ្រឹស្តីតែ៣០ភាគរយទេ ដោយប្រើប្រាស់ការអនុវត្តដោយផ្ទាល់៧០ភាគរយ ដោយសារផ្នែកទ្រឹស្តីសហព័ន្ធធ្លាប់បានបើកបង្រៀនច្រើនវគ្គមកហើយ។ វគ្គនេះមានសិក្ខាកាមចូលរួមចំនួន២២នាក់ មកពីខេត្តកំពង់ឆ្នាំង ខេត្តកំពង់ចាម ក្រចេះ និងរាជធានីភ្នំពេញ ក្រោមការឧបត្ថម្ភគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា។


អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាលោកណយផាណាបានលើកឡើងថា ចំពោះលទ្ធផលសិក្សាវិញនោះមានសិក្ខាកាមចំនួន១០រូបស្មើនឹង៤៥,៤៥ភាគរយបានទទួលនិទ្ទេសល្អ៨ រូប វស្មើនឹង៣៦,៣៦ ភាគរយបានទទួលនិទ្ទេសល្អបង្គួរ និង ៤រូបស្មើនឹង១៨,១៨ភាគរយបានទទួលនិទ្ទេសមធ្យម ។


វគ្គបណ្តុបណ្តាលគឺជាចំណែកដ៏សំខាន់ក្នុងការបញ្ជ្រាបចំណេះដឹងដល់គ្រូបង្វឹកកីឡាកាយសម្ព័ន្ធដើម្បីដើរឲ្យទាន់បច្ចុប្បន្នភាពរបស់អន្តរជាតិក៏ដូចជាបន្តដំណើរការអភិវឌ្ឍឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ជាប្រវត្តិសាស្ត្រជាលើកដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា»។

ក្នុងនាមជាគ្រូឧទ្ទេសប្រចាំវគ្គសិក្សានេះលោក ណយ ផាណា បានបន្ថែមទៀតថា វគ្គនេះពិតជាមានសារៈសំខាន់ណាស់ ក្នុងការបញ្ជ្រាបចំណេះដឹងជូនដល់ដល់គ្រូបង្វឹកហើយគ្រូបង្វឹកទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិនឹងយកចំណេះដឹងនៃក្បួនច្បាប់ថ្មីៗទាំងនេះទៅបង្ហាត់បង្រៀនដល់កីឡាករ កីឡាការិនីកាន់តែរីកចម្រើន និងដើរទាន់ការអភិវឌ្ឍន៍ថ្មីៗរបស់ប្រភេទកីឡាកាយសម្ព័ន្ធអន្តរជាតិ។


លោកក៏បានបង្ហាញនូវក្តីសង្ឃឹមថា តាមរយៈវគ្គបណ្តុះបណ្តាលកម្រិតខ្ពស់នេះនឹងជួយជំរុញការអភិវឌ្ឍឲ្យកាន់តែល្អប្រសើរ ឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ របស់កម្ពុជាយើង ខណៈគោលការណ៍ថ្មីៗនេះក៏ម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣១ នាខែឧសភា ឆ្នាំ២០២២នៅប្រទេសវៀតណាមនឹងយកទៅអនុវត្តតាមការវិវឌ្ឍថ្មីនៃប្រភេទកីឡាកាយសម្ព័ន្ធនេះដែរ។


វគ្គបណ្តុះបណ្តាលនេះគឺផ្តោតសំខាន់ទៅលើផ្នែកទ្រឹស្តីតែ៣០ភាគរយទេ ដោយប្រើប្រាស់ការអនុវត្តដោយផ្ទាល់៧០ភាគរយ ដោយសារផ្នែកទ្រឹស្តីសហព័ន្ធធ្លាប់បានបើកបង្រៀនច្រើនវគ្គមកហើយ។ វគ្គនេះមានសិក្ខាកាមចូលរួមចំនួន២២នាក់ មកពីខេត្តកំពង់ឆ្នាំង ខេត្តកំពង់ចាម ក្រចេះ និងរាជធានីភ្នំពេញ ក្រោមការឧបត្ថម្ភគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា។


ក្នុងនាមជាគ្រូឧទ្ទេសលោកក៏បានចែករំលែកនូវចំណេះដឹងថ្មីៗបន្ទាប់ពីលោកបានចូលរួមសន្និបាតសហព័ន្ធកីឡាកាយសម្ព័ន្ធលើកទី៨៣ កាលពីខែវិច្ឆិកា ឆ្នាំ២០២១ នៅប្រទេសទួរគី គឺសហព័ន្ធអន្តរជាតិនេះបានអនុម័តទៅលើការផ្លាស់ប្តូរលក្ខន្តិកៈមួយចំនួន ស្របពេលដែលក្បួនច្បាប់នៃអាអេរ៉ូប៊ិកផ្លាស់ប្តូរស្ទើរតែទាំងស្រុង។ ដូច្នេះលោកបានខិតខំជំរុញឲ្យវគ្គនេះធ្វើឡើងឲ្យបានលឿន។


ជាមួយគ្នានោះ លោកអគ្គលេធិការក៏បានបង្ហាញនូវភាពកក់ក្តៅក្រៃលែង ចំពោះការយកចិត្តទុកខ្ពស់របស់ឯកឧត្តមបណ្ឌិត ថោង ខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍និងជាប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាដែលឯកឧត្តមបណ្ឌិតតែងតែប្រឹងប្រែងអភិវឌ្ឍន៍វិស័យកីឡាកាយសម្ព័ន្ធជានិច្ច។

ក្នុងបរិបទជំងឺកូវីដ ១៩នេះឯកឧត្តមបណ្ឌិតក៏តែងតែក្រើនរំឭកឲ្យអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការសុខាភិបាលដើម្បីបង្ការពីជំងឺ COVID-19ជាសកលនេះជាពិសេសគឺឯកឧត្តមបណ្ឌិតយកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សាសុខភាពឲ្យបានល្អក្នុងវគ្គសិក្សានេះនិងបន្តភ្ជាប់ការរៀបចំប្រកួតកីឡាកាយសម្ព័ន្ធជ្រើសរើសជើងឯកថ្នាក់ជាតិនិងពានរង្វាន់ឯកឧត្តមបណ្ឌិតថោងខុនលើកទី៥នៅខេត្តកំពង់ឆ្នាំងពីថ្ងៃទី៨ដល់១៣ធ្នូ ឆ្នាំ២០២១។


សូមបញ្ជាក់ថាវគ្គនេះក្រៅពីឧទ្ទេសនាមដោយលោកណយ ផាណាក៏មានការចូលរួមឧទ្ទេសនាមពីគ្រូជំនួយរបស់សហព័ន្ធគឺលោកសោ សុផេងដែលជាគ្រូឯកទេសមានកម្រិត FIG Academy Level 1 and and Level 2 in Artistic and Aerobic Gymnastic ។

ក្នុងនាមមហាគ្រួសារកីឡាកាយសម្ព័ន្ធកម្ពុជាលោកណយផាណាបានបង្ហាញការគោរពដ៏ជ្រាលជ្រៅបំផុតចំពោះប្រមុខារាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដែលសម្តេចតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋទូទាំងប្រទេស និងការអភិវឌ្ឍលើគ្រប់វិស័យទាំងអស់ហើយក្នុងនោះវិស័យកីឡាកាយសម្ព័ន្ធក៏មានឱកាសបានបន្តដំណើរការអភិវឌ្ឍឲ្យកាន់តែល្អប្រសើបន្ថែមទៀត ជាពិសេសគឺគោលដៅឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣តែម្តង៕


ដោយ៖លី ភីលីព

Most Popular

To Top