កីឡា

លោកស្រី ម៉ក់ វ៉ាន់ស៊ីថា៖ នេះជាការប្រកួតសម្រិតសម្រាំងចុងក្រោយជ្រើសរើសកីឡាករ មានសមត្ថភាព១៤រូប ហ្វឹកហាត់ត្រៀម SEA GAMES 2021 នៅវៀតណាម

ខេត្តកែប៖ នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១នេះ លោក សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា និងលោកស្រី ម៉ក់ វ៉ាន់ស៊ីថា អនុប្រធានសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជាតំណាងឲ្យប្រធានសហព័ន្ធចូលរួមពិធីបិទព្រឹត្តិការណ៍ប្រកួតកីឡាទ្រីយ៉ាត្លុងជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២១នៅលើទីតាំងឆ្នេងលេងទឹក ខេត្តកែបរៀបចំដោយសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជាសហការជាមួយខេត្តកែបកក្រោមប្រើប្រាស់ថវិកាឧបត្ថម្ភរបស់ក្រសួងអប់រំ យុវជន និងកីឡា និងដៃគូឧបត្ថម្ភ។


លោកស្រី ម៉ក់ វ៉ាន់ស៊ីថាបានមានប្រសាសន៍ថា តាមគោលការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា ការប្រកួត ជើងឯកឆ្នាំ២០២១នេះ ជាការប្រកួតសម្រិតសម្រាំងចុងក្រោយជ្រើសរើសកីឡាករមានសមត្ថភាព១៤រូប ហ្វឹកហាត់ត្រៀមចូលរួមប្រកួត SEA GAMES 2021 នៅវៀតណាម និង SEA GAMES 2023 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្នុងនោះខេត្តកែប ក៏ជាខេត្តគោលដៅនៃការត្រៀមជាម្ចាស់ផ្ទះសម្រាប់វិញ្ញាសារ កីឡាទ្រីយ៉ាត្លុងផងដែរ ។ ការប្រកួតនេះមានកីឡាករ កីឡាការិនី ជាអត្ថពលិក ចំនួន៧៦រូប មកពីក្លឹបចំនួន១០ គឺ ក្លឹបក្រសួងមហាផ្ទៃ, ក្រសួងការពារជាតិ, អនុវិទ្យាល័យត្រពាំងសាលា, ក្លឹបត្រពាំងឈូក , មហាជន , ខេត្តកែប, ស្គីក្តា ស្គីកង់, RIANT, Survival Swin Club Siem Reap, និង ANGKOR TRI ACARDEME។


លោក សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែបបានមានប្រសាសន៍ថា ព្រឹត្តិការណ៍នេះធ្វើឡើង ស្របពេលដែលរាជរដ្ឋាភិបាលសម្រេចបើកដំណើការប្រទេសឡើងវិញជាបណ្តើៗ លើគ្រប់វិស័យ ។ភាពជោគជ័យ នៃនយោបាយស្រោចវ៉ាក់សាំរបស់រាជរដ្ឋាភិបាល ក៏ដូចយន្តការនៃគ្រប់គ្រង និងប្រយុទ្ធប្រឆាំងនឹងជំងឺCOVID-19ដំណើរការប្រកបដោយប្រសិទ្ធភាព ទើបយើងមានឱកាសក្នុងការ ជួបជុំអភិវឌ្ឍន៍សមត្ថភាព ពិសេសចូលរួមក្នុងព្រឹត្តិការណ៍ប្រគួតកីឡាដូចពេលនេះ។

លោកអភិបាលខេត្តក៏បានសម្ដែងនូវការស្វាគមន៍ និងថ្លែងអំណរគុណចំពោះ រាជរដ្ឋាភិបាលកម្ពុជាបានជ្រើសរើសខេត្តកែបជាខេត្តគោលដៅទីមួយធ្វើជាម្ចាស់ផ្ទះកីឡា SEA GAMES លើវិញ្ញាសាទ្រីយ៉ាត្លុងនាឆ្នាំ២០២៣ និងអរគុណសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា ក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡាតែងតែយកខេត្តកែប ប្រារព្ធព្រឹត្តិការណ៍ប្រគួតកីឡាថ្នាក់ជាតិដែលនេះធ្វើឲ្យប្អូនៗ ក្មួយៗ បានសម្របខ្លួនជាមួយទីតាំងនៃការប្រកួតប្រជែង SEA GAMES 2021 នាពេលខាងមុខ។ លោកអភិបាលខេត្តកែបក៏បានណែនាំដល់កីឡាករ-កីឡាការិនី ខិតខំសំរួចឆន្ទះ បញ្ចេញ ឲ្យអស់សមត្ថភាព និងកម្លាំងកាយចិត្ត ដណ្តើមយកមេដាយ ប្រកបដោយយុត្តិធម៌ គោរពតាមលក្ខន្តិក:នៃការប្រគួត៕

Most Popular

To Top