កីឡា

ក្រសួងការពារជាតិតំណែងជើងឯក ការប្រកួតកីឡាសីដក់ជើងឯកថ្នាក់ជាតិ ឆ្នាំ២០២១

ខេត្តកណ្តាល៖ ក្លិបកីឡាសីដក់របស់ក្រសួងការពារជាតិគ្រងតំណែងជើងឯកនៃព្រឹត្តិការណ៍ការប្រកួតកីឡាសីដក់ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២១បន្តទៀត បន្ទាប់ពីក្លិបដណ្តើមបានមេដាយមាសចំនួន៣គ្រឿងលើវិញ្ញាសាទំាង៣ ខណៈក្លិបកីឡាសីដក់របស់ក្រសួងមហាផ្ទៃដណ្តើមបានមេដាយប្រាក់១គ្រឿង និងមេដាយសំរិទ្ធ១គ្រឿង។


ក្នុងឳកាសពិធីប្រគល់ជយលាភី និងបិទព្រឹត្តិការណ៍ការប្រកួតកីឡាសីដក់ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២១ ដោយអញ្ជើញពីសំណាក់លោកបណ្ឌិត មាស សារិន ប្រធានសហព័ន្ធកីឡាសីដក់ និងឈិនឡូកកម្ពុជា និងលោក ពៅ វណ្ណា ប្រធានការិយាល័យកីឡានៃមន្ទីរអប់រំកាយ និងកីឡាខេត្តកណ្តាល នាល្ងាចថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១នៅខេត្តកណ្តាល ក្រោមការប្រើប្រាស់ថវិកាឧបត្ថម្ភរបស់ក្រសួងអប់រំ យុវជន និងកីឡា។


ក្លិបកីឡាសីដក់របស់ក្រសួងការពារជាតិដណ្តើមបានមេដាយមាសចំនួន៣គ្រឿងចំណាត់ថ្នាក់លេខ១ ក្លិបកីឡាសីដក់របស់មជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទដណ្តើមបានមេដាយ៤គ្រឿង ក្នុងនោះមេដាយប្រាក់២គ្រឿង និងមេដាយសំរិទ្ធ២គ្រឿង ចំណែកក្លិបកីឡាសីដក់របស់ក្រសួងមហាផ្ទៃដណ្តើមបានមេដាយប្រាក់១គ្រឿង និងមេដាយសំរិទ្ធ១គ្រឿង និងក្លិបកីឡាសីដក់របស់ខេត្តកណ្តាលជាប់ចំណាត់ថ្នាក់លេខ៤។


លោក ទុយ ប៊ុនហឿន អនុប្រធានសហព័ន្ធបានមានប្រសាសន៍ថា ដោយទទួលបានការអនុញ្ញាតជាគោលការណ៍ពីប្រធានសហព័ន្ធ និងទទួលបានថវិកាគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា សហព័ន្ធកីឡាសីដក់ និងឈិនឡូនកម្ពុជា បានរៀបចំការប្រកួតកីឡាសីដក់ជ្រើសរើស ជើងឯកថ្នាក់ជាតិ ចាប់ពីថ្ងៃទី ១១-១២ ខែធ្នូ ឆ្នាំ២០២១ ដែលក្រុមចូលរួមប្រកួតរួមមានក្លិបកីឡាសីដក់ ដេអិន ក្លិបកីឡាសីដក់ក្រសួងការពារជាតិ ក្លិបកីឡាសីដក់មជ្ឈមណ្ឌល ខ.ភ.ម និងក្លិបកីឡាសីដក់ក្រសួងមហាផ្ទៃ និងមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកណ្តាល។


លើ៣វិញ្ញាសាគឺវិញ្ញាសា ផ្នែកបុរស ៣នាក់ ទល់ ៣នាក់ វិញ្ញាសា ផ្នែកបុរស ២នាក់ ទល់ ២នាក់ និងវិញ្ញាសា ផ្នែកនារី ២នាក់ ទល់ ២នាក់៕

Most Popular

To Top