ភ្នំពេញ ៖ លោក ហែម គីរី អគ្គលេខាធិការ នៃសហព័ន្ធខ្មែរហែលទឹក បានប្រាប់តាមអនឡាញថា បេសកកម្មចូលរួមការ ប្រកួតកីឡាហែលទឹក ជ្រើសរើសជើងឯកពិភពលោក (អាងហែលទឹក២៥ម៉ែត្រ) នៅទីក្រុងអាប៊ូដាប៊ី ប្រទេសអារ៉ាប់រួម ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១៦ ដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ របស់អត្តពលិកហែលទឹក ជម្រើសជាតិកម្ពុជា ត្រូវបានបញ្ចប់ហើយ ចំណែកអត្តពលិកទាំង៤នាក់ បានបំបែកកំណត់ត្រាថ្មី ថ្នាក់ជាតិរបស់ខ្លួនទៀតផង ។
លោកបានបន្តថា កីឡាករ ម៉ាត់ថេរ ហ្រ្វេងតារាបេននីឈី បានបំបែកកំណត់ត្រាថ្នាក់ជាតិ ក្នុងថេរ:វេលា ២:០០.៩៥នាទី លើប្រភេទវិញ្ញាសា ២០០ម ហែលរបៀបមេអំបៅ។ កីឡាករ ម៉ាត់ថេរ ហ្រ្វេងតារាបេននីឈីក៏បានបំបែកកំណត់ត្រាថ្នាក់ជាតិក្នុងថេរ:វេលា ៥៥.៦០នាទី លើប្រភេទវិញ្ញាសា ១០០ម ហែលរបៀបមេអំបៅ។ កីឡាករ មនត្រស ផានសុវណ្ណអារុន បានបំបែកកំណត់ត្រាថ្នាក់ជាតិ ក្នុងថេរ:វេលា ២៥.២៨ វិនាទី លើប្រភេទវិញ្ញាសា ៥០ម ហែលរបៀបសេរី។
ចំណែកកីឡាការិនី កាំង មុយនីន បានបំបែកកំណត់ ត្រាថ្នាក់ជាតិក្នុងថេរ:វេលា ៣០.៧៧ វិនាទី លើប្រភេទវិញ្ញាសា ៥០ម ហែលរបៀបមេអំបៅ ។ លទ្ធផលបច្ចេកទេស របស់កីឡាការិនី ម៉ីលិតាន មីននិក បានប្រកួតលើប្រភេទវិញ្ញាសា ១០០ម ហែលរបៀបកង្កែប ក្នុងថេរ:វេលា ១:១៩.៨៧។ កីឡាការិនី កាំង មុយនីន បានបំបែកកំណត់ត្រាថ្នាក់ជាតិ ក្នុងថេរ:វេលា ២៨.៤២ វិនាទី លើប្រភេទវិញ្ញាសា ៥០ម ហែលរបៀបសេរី ។
លោកបានបន្ថែមទៀតថា កីឡាករ មនត្រស ផានសុវណ្ណអារុន បានបំបែកកំណត់ត្រាថ្នាក់ជាតិ ក្នុងថេរ:វេលា ៥៥.៧១ វិនាទី លើប្រភេទវិញ្ញាសា ១០០ម ហែលរបៀបសេរី។ កីឡាការិនី ម៉ីលិតាន មីននិក បានបំបែកកំណត់ត្រាថ្នាក់ជាតិ ក្នុងថេរ:វេលា ១:០៨.៦៨ វិនាទី លើប្រភេទវិញ្ញាសា ១០០ម ហែលរបៀបមេអំបៅ។ សូមបញ្ជាក់ផងដែរថា ប្រតិភូ និងអត្តពលិកទាំងអស់របស់កម្ពុជា និងត្រឡប់មកមាតុភូមិវិញ នាថ្ងៃទី២២ ខែឆ្នូ ឆ្នាំ២០២១ នេះ ៕