ភ្នំពេញ៖ កម្មវិធីគុនតម្លៃអូឡាំពិក ត្រូវបានគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា រៀបចំនៅអនុវិទ្យាល័យដំបូកខ្ពស់ រាជធានីភ្នំពេញ ដែលមានការចូលរួម ពីសិស្សានុសិស្សជាច្រើននាក់ ដើម្បីទទួលបាននូវចំណេះដឹង ពីចលនាអូឡាំពិក គុណប្រយោជន៍ នៃការលេងកីឡា ក៏ដូចជាបញ្ជ្រាបការផ្សព្វផ្សាយ ពីដំណើររបស់កម្ពុជា ឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងការប្រកួតកីឡាជនពិការ អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣។

នាយកអនុវិទ្យាល័យវត្តដំបូកខ្ពស់ លោកសោម សុទ្ធបានលើកឡើងថា នេះជាឆ្នាំទី២ ដែលវិទ្យាល័យវត្តដំបូកខ្ពស់ សហការជាមួយគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ដែលបានរៀបចំកម្មវិធី គុណតម្លៃអូឡាំពិកនេះឡើង ដើម្បីបញ្ជ្រាបចំណេះដឹង ពីចលនាអូឡាំពិក និងការផ្សព្វផ្សាយ ឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡា ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣នៅកម្ពុជា។
លោកនាយកអនុវិទ្យាល័យបន្ថែមថា សាលារបស់លោក មានកម្មវិធីកីឡា២ម៉ោង ក្នុង១សប្តាហ៍ ពីព្រោះការអប់រំ និងកីឡា បានផ្សារភ្ជាប់គ្នា ដើម្បីឆ្ពោះទៅគោលដៅ ស៊ីហ្គេមអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ខាងមុខ។ នៅក្នុងការបញ្ជ្រាបចំណេះដឹង ពីគុណតម្លៃអូឡាំពិកឆ្នាំទី២នេះ លោកនាយកបានអះអាងថា គ្រាន់តែឮថាខាងNOCC ចុះមករៀបចំកម្មវិធីនេះ គឺសិស្សានុសិស្ស មានក្តីសោមនស្សរីករាយខ្លាំងណាស់ ដែលបានចូលរួមស្វែងយល់ ពីចំណេះដឹងគុណតម្លៃអូឡាំពិក។
លោកអះអាងថា សិស្សានុសិស្សចង់ចួលរួម ច្រើនណាស់ ប៉ុន្តែលោកបានដកចេញខ្លះ ដោយសារក្នុងបរិបទជំងឺកូវីដ-១៩ ការចូលរួមត្រូវបានកំណត់ចំនួន ដើម្បីបង្ការលើបញ្ហានេះ។ លោកនាយកបានថ្លែងអំណរគុណ ចំពោះការបង្រៀន របស់ក្រុមគ្រូឧទ្ទេសមកពី គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ហើយលោកនឹងត្រៀម សិស្សានុសិស្សទាំងអស់ បានចូលរួមគាំទ្រ និងការលេងកីឡាម្នាក់ឲ្យបាន១មុខ ក្នុងដំណើរឆ្ពោះទៅ រៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា យើងឲ្យទទួលបានជោគជ័យទៀតផង ៕ ដោយ:លី ភីលីព


