កីឡា

ការប្រកួតកីឡា បាល់ទាត់ ក្របខណ្ឌសមាគមរាជសីហ៍ ដើម្បីចូលរួមអបអរសាទរ ខួបលើកទី៤៣

ភ្នំពេញ ៖ ព្រឹត្តិការណ៍ការប្រកួតកីឡា បាល់ទាត់ក្របខណ្ឌ សមាគមរាជសីហ៍ ដើម្បីចូលរួមអបអរសាទរ ខួបលើកទី៤៣ នៃទិវាជ័យជំនះ ៧ មករា ១៩៧៩-៧ មករា ២០២២ ដែលការប្រកួត នឹងប្រព្រឹត្តិទៅមួយថ្ងៃពេញ នាថ្ងៃសុក្រ ៥កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃ៧ ខែមករា ឆ្នាំ២០២២ នៅទីលានស្មៅធម្មជាតិ នៃវិទ្យាល័យច្បារអំពៅ ដោយមានការអញ្ជើញ ចូលរួម ពិធីបើកជាផ្លូវការ ពីសំណាក់លោក ទេព យុទ្ធី ប្រធាន ក្រុមប្រឹក្សាយោយល់ សមាគមរាជសីហ៍ និងសមាជិក សមាគមរាជសីហ៍ ព្រមទាំងកីឡាករ ទំាង១០ក្រុម របស់សមាគមរាជសីហ៍ ។

លោក ឡាវ សូលីន ប្រធានកីឡា សមាគមរាជសីហ៍ បានប្រាប់ឲ្យដឹងថា សមាគម រាជសីហ៍ ក្រោមការដឹកនាំ ដោយលោក ស៊ូម សារឿន ប្រធានគណៈកម្មាធិការ ប្រតិបត្តិសមាគម រាជសីហ៍ បានអនុញ្ញាតឲ្យសាខា សមាគមរាជសីហ៍ រាជធានី ខេត្ត ទាំងអស់ ដែលមានក្រុមកីឡាបាល់ទាត់ របស់ខ្លួន ចុះឈ្មោះចូលរួមប្រកួតដណ្តើម ពានរង្វាន់សមាគម ដើម្បីចូលរួមអបអរសាទរ ខួបលើកទី៤៣ នៃទិវាជ័យជំនះ ៧ មករា ១៩៧៩-៧ មករា ២០២២ ។

ការប្រកួតនេះមានសមាសភាព សាខារាជធានី ខេត្តចំនួន១០ ហើយចែកជា២ ពូលគឺពូល A ក្រុមបាល់ទាត់សាខា ខេត្តកណ្តាល ក្រុមបាល់ទាត់សាខា ខេត្តកំពត ក្រុមបាល់ទាត់សាខាខេត្តត្បូងឃ្មុំ ក្រុមបាល់ទាត់ សាខាខេត្តសៀមរាប និងក្រុមបាល់ទាត់សាខា ប្រទេសជប៉ុន ចំណែកពូល B ក្រុមបាល់ទាត់វ័យចាស់ ថ្នាក់កណ្តាល ក្រុមបាល់ទាត់សាខា រាជធានីភ្នំពេញ ក្រុមបាល់ទាត់សាខាខេត្តកែប ក្រុមបាល់ទាត់សាខា ខេត្តកំពង់ស្ពឺ និងក្រុមបាល់ទាត់ សាខាខេត្តកំពង់ឆ្នាំង ។

លោកបានបន្តថា ចំពោះក្រុមតំណែងគ្រងជើងឯក ទទួលបានប្រាក់រង្វាន់ចំនួន២លានរៀល ក្រុមតំណែងគ្រងជើងឯក រងទទួលបានប្រាក់រង្វាន់ ចំនួន១,៥ លានរៀល ក្រុមជាប់ចំណាត់ថ្នាក់លេខ៣ ទទួលបានប្រាក់រង្វាន់ ចំនួន១លានរៀល ក្រុមជាប់ចំណាត់ថ្នាក់លេខ៤ ទទួលបានប្រាក់រង្វាន់ចំនួន ៥០ម៉ឺនរៀល និងក្រុមជាប់ចំណាត់ថ្នាក់លេខ៥ដល់១០ ទទួលបានពាន់កិត្តិយស ។

លោក ទេព វុទ្ធី ប្រធានក្រុមប្រឹក្សាយោបល់ សមាគមរាជសីហ៍ បានមានប្រសាសន៍ថា ពានរង្វាន់បាល់ទាត់ ដែលបង្កើតឡើងនៅព្រឹកនេះ គឺគោលបំណងចង់អបអរ និង រំលឹកដល់ថ្ងៃ កំណើតទី២ នៃទិវាជ័យជម្នះ៧មករា ។ ប្រធានក្រុមប្រឹក្សាយោបល់ បន្តលើកឡើង ទៀតថា កម្មវិធីនេះក៏ជាការបង្ហាញ សក្ដានុពល និងការកើនឡើង នៃសមាជិក ចំនួនក្រុម ដែលមកដល់ពេលនេះ មានចំនួនរាប់រយនាក់ ។ មួយវិញទៀតក៏ជាការបង្កើន ចំណងមិត្តភាព សាមគ្គីភាព និងជួយដល់សុខភាពផង៕ដោយ៖លី ភីលីព

Most Popular

To Top