កីឡា

រកឃើញក្រុមជើងខ្លាំង ៤ក្រុម ឡើងវគ្គផ្តាច់ព្រ័ត្រ នៃការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់ ៧មករា តេជោសន្តិភាព រដូវកាលទី៦

ភ្នំពេញ ៖ ការប្រកួតអស់រយៈពេល២ថ្ងៃ គណៈកម្មការស្វែងរកឃើញ ក្រុមជើងខ្លាំង៤ក្រុម ឡើងវគ្គផ្តាច់ព្រ័ត្រ បន្ទាប់ពី៣ ក្រុមទទួល បាន៣ពិន្ទុដូចគ្នា នៃព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់ ៧មករាតេជោសន្តិភាព រដូវកាលទី៦ ឆ្នាំ២០២២ ដើម្បីអបអរសាទរទិវាជ័យជម្នះ ៧មករាខួបលើកទី ៤៣ ថ្ងៃទី ៥ ខែមករា ឆ្នាំ២០២២ ដោយក្រុមកីឡាចូលរួមប្រកួត មានចំនួន៦ក្រុម មានក្រុមជាតិ និងអន្តរជាតិ ក្រោមគំនិតផ្តួចផ្តើម ដោយលោក ជុំ កុសល ទីប្រឹក្សាផ្ទាល់ សម្តេចតេជោ ហ៊ុន សែន និងរដ្ឋលេខាធិការ នៃក្រសួងព័ត៌មាន និងប្រធានសម្ព័ន្ធ យុវជនស្រលាញ់សន្តិភាព ។

ក្រុមបាល់ទាត់គួរបៃឌីកា បានយកឈ្នះ ក្រុមបាល់ទាត់មិត្តល្អ មានជ័យលទ្ធផលបច្ចេកទេស៤ទល់០ ក្រុមបាល់ទាត់ ស្រលាញ់សន្តិភាពភ្នំពេញ បានយកឈ្នះលើក្រុមបាល់ទាត់ ស្ថានទូតវៀតណាម លទ្ធផលបច្ចេកទេស៨ទល់១ រីឯក្រុមបាល់ទាត់វ័យចាស់ទ័ព បានយកឈ្នះក្រុមបាល់ទាត់យុវជន វិមាន៧មករា លទ្ធផល បច្ចេកទេស ៦ទល់៤ ។ ដូច្នេះក្រុមបាល់ទាត់វ័យចាស់ទ័ពឈរ លើកំពូលតារាង និងក្រុមបាល់ទាត់ស្រលាញ់ សន្តិភាពភ្នំពេញ ចំណាត់លេខ២ ក្រុមបាល់ទាត់គួរបៃឌីកាចំណាត់ថ្នាក់លេខ និងក្រុមបាល់ទាត់យុវជនវិមាន ៧មករា ជាប់លេខ៤ ។

សម្រាប់ផ្តាច់ព្រ័ត្រការប្រកួតថ្ងៃនេះ ក្រុមបាល់ទាត់ស្រលាញ់សន្តិភាពភ្នំពេញ ប៉ះក្រុមបាល់ទាត់វ័យ ចាស់ទ័ពដណ្តើមជើងឯក ប្រចាំឆ្នាំ២០២២ ចំណែកក្រុមបាល់ទាត់ យុវជនវិមាន៧មករា ប្រកួតជាមួយក្រុមបាល់ទាត់ គូរបៃឌីកាដណ្តើមយកចំណាត់លេខ៣ នៅទីលានបាល់ទាត់ស្តាតចាស់។
ការប្រកួតនេះ ជាគំនិតផ្តួចផ្តើមដោយលោក ជុំ កុសល ប្រធានសម្ព័ន្ធយុវជនស្រលាញ់ សន្តិភាព ធ្វើឡើងក្នុងគោលបំណងចូល រួមលើកស្ទួយ វិស័យកីឡានៅកម្ពុជា ក៏ដូចជាកៀងគរ នូ​វមន្ត្រីរាជការ និងបងៗ ពូដែលមានវ័យចំណាស់នៅគ្រប់វិស័យ ឲ្យចូលរួមលេងកីឡាជាគំរូដ៏ល្អដល់យុវជន ឲ្យចូលរួមក្នុងគ្រប់ទម្រង់កីឡាជាផ្នែកមួយ អាចជួយដល់យុវជនគ្រប់មជ្ឈដ្ឋាន ចេញឆ្ងាយពីអំពើឧបាយមុខ ផ្សេងៗបាន និងពង្រឹងសុខភាព បង្កើតមិត្តភាព ក៏ដូចជាគាំទ្រយ៉ាងមុតមាំ ចំពោះអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់វិស័យកីឡា ។

ព្រមទាំងពង្រឹង នូវចំណង សាមគ្គីភាពរវាងក្រុមកីឡាករវ័យចំណាស់ នៃស្ថាប័ននានា ក្នុង ព្រះរាជាណាចក្រកម្ពុជា ឲ្យមានទំនាក់ទំនងកាន់ តែប្រសើរនឹងគ្នា ឡើងទ្វេរដង ព្រោះកីឡា ជាប្រភពយ៉ាងពិតប្រាកដ នាំមកនូវ “សុខភាព មិត្តភាព សាមគ្គីភាព និងសន្តិ៣ព” ក្រោមម្លប់សន្តិភាពពិត ប្រាកដក្នុងសម័យតេជោ ។

រៀបចំការ ប្រកួតកីឡាបាល់ទាត់ ពានរង្វាន់៧មករាតេជោសន្តិភាពដើម្បី ចូលរួមអបអរសាទរ ខួបលើក ទី៤៣ ទិវាជ័យជម្នះ ៧មករា ព្រោះថា យើងទាំងអស់គ្នា មានឪកាសជួបជុំគ្នាលេងកីឡា បាល់ទាត់ពង្រឹងសុខភាព បង្កើតមិត្តភាព រឹតចំណងសាមគ្គីភាព ដោយគ្មានការបារម្មណ៍ភ័យព្រួយដូចសព្វថ្ងៃនេះ គឺបានមក ពី បុព្វហេតុចម្បងនៃថ្ងៃ៧មករា មានន័យថា មានថ្ងៃ៧មករា ទើបមានសន្តិភាពពេញបរិបូរណ៍ ដូចសព្វថ្ងៃនេះ …ជយោ! ទិវាជ័យជម្នះ ៧មករា ! អរគុណសន្តិភាព !៕

Most Popular

To Top