ខេត្តកណ្តាល៖ លោក ធុល នាង ប្រធានគណៈកម្មការរៀបចំ ការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ឆ្នាំ២០២២ និងជាប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខេត្តកណ្ដាល នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ បានអញ្ជើញចូលរួមពិធី ចាប់ឆ្នោតចែកពូល និងប្រជុំបច្ចេកទេស ជាមួយក្រុមទំាង១៨ នៅសាលប្រជុំមជ្ឈមណ្ឌល បណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកណ្ដាល។

លោក ធុល នាង បានមានប្រសាសន៍ថា ព្រឹត្តិការណ៍បាល់ទាត់នេះ ធ្វើឡើងក្នុងគោលបំណង លើកស្ទួយវិស័យកីឡា នៅខេត្តកណ្តាល ឲ្យមានការរីកចម្រើនកាន់តែខ្លាំងឡើង និងដើម្បីឲ្យយុវជន និងបងប្អូនយើងទាំងអស់ ដែលស្រឡាញ់វិស័យកីឡាចូលរួម ប្រកួតឲ្យបានផុលផុស ព្រមទំាងបង្កើនទឹកចិត្ត យុវជនរបស់យើង ចូលរួមលេងកីឡាដើម្បីសុខភាព បង្កើនមិត្តភាព ជៀសឆ្ងាយពីគ្រឿងញៀន។
ក្រុមកីឡាករបានដាក់ពាក្យ ចូលរួមប្រកួតត្រូវប្រកាន់ខ្ជាប់ នូវក្រមសីលធម៌ខ្ពស់ មានសាមគ្គីភាព ត្រូវតាំងចិត្តជាអ្នកកីឡា ដោយហ៊ានទទួលយកលទ្ធផល ទោះបីចាញ់ឈ្នះក៏ដោយ ហើយរាល់ការប្រកួត ក្រុមទាំងអស់ត្រូវបញ្ចេញ ឲ្យអស់ពីសមត្ថភាពបច្ចេកទេស ដើម្បីផ្ដល់ជាការសប្បាយរីករាយ និងចំណីចក្ខុដល់អ្នកមកទស្សនាផ្ទាល់។
លោកប្រធានបន្តថា ការប្រកួតបាល់ទាត់ពាន់រង្វាន់ លោកអភិបាលខេត្ត នឹងចាប់ផ្ដើមប្រកួតនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខនេះ នៅកីឡាដ្ឋានបាល់ទាត់ក្រុងតាខ្មៅ ខេត្តកណ្តាល។ ការប្រកួតឆ្នាំដំបូងនេះ មានក្រុមកីឡាករបាល់ទាត់១៨ ក្រុម ហើយអ្នកដែលអាចដាក់ពាក្យ ក្នុងការប្រកួតបានគឺផ្ដោតសំខាន់ ទៅលើ មន្ទីរជុំវិញខេត្ត រដ្ឋបាលក្រុង-ស្រុកទាំង១១ និងវិស័យឯកជន ក្នុងខេត្តកណ្តាល។
លោកក៏បានស្នើដល់ក្រុមកីឡាករ ទំាំង១៨ក្រុមត្រូវស្តាប់ការណែនាំ របស់ក្រុមអាជ្ញាកណ្ដាលនៅទីលានប្រកួត ចំណែកក្រុមអាជ្ញាកណ្ដាល ត្រូវកំណត់ការពិន័យ ឲ្យបានត្រឹមត្រូវច្បាស់លាស់ ត្រូវមានយុត្តិធម៌ ដើម្បីសម្រួលដល់ការប្រកួត នេះឲ្យមានតម្លាភាព រក្សាបាននូវមិត្តភាព សាមគ្គីភាព និងមានវិន័យ ដើម្បីមុខមាត់ខេត្តយើងទាំងអស់គ្នា៕ ដោយ៖លី ភីលីព



