ភ្នំពេញ៖ បិទវគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកកម្រិតថ្នាក់ជាតិ កីឡាប្រដាល់សកលនៅល្ងាចថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីស្នាក់ការគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ក្រោមជំនួយថវិកាគាំទ្រ របស់ក្រសួងអប់រំ យុវជន និងកីឡា រៀបចំដោយសហព័ន្ធ កីឡាប្រដាល់សកលកម្ពុជា ដើម្បីពង្រឹងពង្រឹកសមត្ថភាពបន្ថែម ដល់គ្រូបង្វឹកកម្ពុជា៣១នាក់ ឲ្យទទួលបានលទ្ធផលល្អ ត្រៀមការប្រកួតកីឡាកម្រិតជាតិ និងអន្តរជាតិនានា។
លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធ កីឡាប្រដាល់សកលកម្ពុជា បាននិយាយថា វគ្គនេះមានសិក្ខាកាមចូលរួម សរុប ២០នាក់ ជាគ្រូបង្វឹកនៅតាមបណ្តាក្លិប កីឡាប្រដាល់សកល ចំនួន៧រាជធានីខេត្ត រួមមានរាជធានីភ្នំពេញ ខេត្តកំពង់ឆ្នាំង ព្រៃវែង កំពង់ស្ពឺ ព្រះសីហនុ កំពត និងសៀមរាប។ ការបង្រៀនលើផ្នែកបច្ចេកទេសសំខាន់ៗ នៃការបង្វឹក បទបញ្ជាបច្ចេកទេស ហ្វឹកហាត់កីឡាប្រដាល់សកល និងតួនាទីរបស់គ្រូបង្វឹក។
លោកបានបន្តថា ចំពោះលទ្ធផលនៃវគ្គបណ្តុះបណ្តាលនេះ គឺគ្រូបង្វឹកចំនួន៧នាក់ ទទួលបាននិទ្ទេសល្អ និង១៣នាក់ ល្អបង្គួរ។ ប្រធានគ្រប់គ្រង វគ្គបណ្តុះបណ្តាលរូបនេះបន្ថែមថា តាមការសន្និដ្ឋានជារួម សិក្ខាកាមទាំងអស់ បានបង្ហាញស្មារតីចូលរួម សិក្សាយ៉ាងផុលផុស និងបានស្វែងយល់ ពីបទបញ្ជាបច្ចេកទេសហ្វឹកហាត់ កីឡាប្រដាល់សកល ការរៀបចំកម្មវិធីហ្វឹកហាត់ ស្របតាមស្តង់ដារអន្តរជាតិ និងការអនុវត្តផ្ទាល់ ស្តីពីវិធីសាស្ត្របង្វឹក។
លោក ទុយ ប៊ុនហឿន អនុប្រធាននាយកដ្ឋានអប់រំកាយ និងកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំសហព័ន្ធ និងសិក្ខាកាមជាគ្រូបង្វឹកទាំងអស់ ខិតខំពង្រឹងគុណភាព និងបន្តការអភិវឌ្ឍវិស័យ កីឡាប្រដាល់សកល ឲ្យកាន់តែរីកចម្រើនបន្ថែម ជាពិសេសសម្រួចគោលដៅ ឆ្ពោះទៅទទួលរៀបចំ ធ្វើម្ចាស់ផ្ទះការប្រកួតកីឡា SEA GAMES 2032 លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា។
លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ឆឹង យ៉ៅយ៉េន ប្រធានសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានចាត់ទុកថា វគ្គបណ្តុះបណ្តាលគ្រូបង្វឹកថ្នាក់ជាតិនេះ ពិតជាមានសារសំខាន់ណាស់ គ្រូបង្វឹកប្រដាល់សកលកម្ពុជា ទទួលបានចំណេះដឹងថ្មីៗបន្ថែម ពីគ្រូឧទ្ទេសប្រចាំវគ្គ គឺលោក RUSSELL STUTELY ដែលជាគ្រូកម្រិតអន្តរជាតិ។ លោកប្រធានសហព័ន្ធ បានដាក់ក្តីរំពឹងខ្ពស់ថា តាមរយៈសមិទ្ធផលថ្មីនេះ គ្រូបង្វឹកទាំងអស់ នឹងយកចំណេះដឹងទាំងនេះ ទៅបង្ហាត់បង្រៀនដល់កីឡាករ កីឡាការិនីប្រដាល់សកលកម្ពុជា ឲ្យមានគុណភាពកាន់តែខ្ពស់ ដើម្បីត្រៀមលក្ខណៈឲ្យកាន់តែរឹងមាំ ត្រៀមឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡា SEA GAMES 2032 ៕ ដោយ៖លី ភីលីព