ភ្នំពេញ៖ លោក តែ ឡូរិន ប្រធានសហព័ន្ធកីឡាគុនដាវកម្ពុជា បានលើកទឹកចិត្ត ដល់កីឡាករ-កីឡាការិនី គុនដាវរបស់ខ្លួន ឲ្យមានការប្តេជ្ញាចិត្តខ្ពស់ ក្នុងការដណ្ដើមយកមេដាយមាស ឲ្យបានជាអតិបរមា សម្រាប់ព្រឹតិ្តការណ៍ ការប្រកួតកីឡា SEA GAMES លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូង របស់ព្រះរាជាណាចក្រកម្ពុជា ក្នុងឳកាសពិធីបិទការប្រកួតកីឡាគុនដាវ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ កាលពីល្ងាចថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២២ នៅកីឡដ្ឋាន វេស្ទឺន រាជធានីភ្នំពេញ។

លោកបានបន្តថា ខ្ញុំសូមលើកទឹកចិត្ត ដល់កីឡាករ-កីឡាការិនីទាំងអស់ បន្តផ្តោតការយកចិត្តទុកដាក់ លើការហ្វឹកហាត់ឲ្យបានខ្លាំងក្លា អស់ពីកម្លាំងកាយចិត្ត ដើម្បីសម្រេចឲ្យបានជោគជ័យការប្រកួត SEA GAMES ឆ្នាំ២០២៣ ក្នុងនាមជាម្ចាស់ផ្ទះ ដ៏ដូចជាការប្រកួតផ្សេងៗទៀតផងដែរ។ សព្វថ្ងៃនេះសហព័ន្ធកំពុងដំណើរការ អភិវឌ្ឍវិស័យកីឡាគុនដាវកម្ពុជា ឲ្យមានសកម្មភាពជាបន្តបន្ទាប់ ដូចជាការប្រកួតជើងឯកថ្នាក់ជាតិ នាពេលនេះ និងត្រៀមឆ្ពោះទៅទទួលរៀបចំ ធ្វើជាម្ចាស់ផ្ទះ SEA GAMES ឆ្នាំ២០២៣ និងការប្រកួតអន្តរជាតិ នាពេលខាងមុខ។
លោកបានវាយតម្លៃខ្ពស់ និងចូលរួមអបអរសាទរដល់កីឡាករ-កីឡាការិនីជ័យលាភី ហើយក៏សម្តែងការកោតសរសើរ ចំពោះកីឡាករ-កីឡការិនីទាំងអស់ខិតខំអស់ សមត្ថភាពក្នុងការប្រកួត។ នៅក្នុងការប្រកួត ពិតណាស់យើងចង់បានជ័យជម្នះ ប៉ុន្តែលទ្ធផល នៃការប្រកួតក៏សំខាន់ផងដែរ ព្រោះថាវាជាការវាស់ស្ទង់សមត្ថភាព របស់កីឡាករ កីឡាការិនីរៀងៗខ្លួនផង ក៏ដូចជាការបំបែក ឯកត្តទកម្មផ្ទាល់ខ្លួនផងដែរ៕ ដោយ៖លីភីលីព


