កីឡា

លោក ហែម គីរី ៖ វគ្គបណ្តុះបណ្តាល គណៈកម្មការបច្ចេកទេស និងមន្រ្តីដឹកនាំការប្រកួត កីឡាហែលទឹកថ្នាក់ជាតិ សិក្ខាកាមទទួលបាន និទ្ទេសល្អ ៩០ភាគរយ

ភ្នំពេញ៖ វគ្គបណ្តុះបណ្តាល គណៈកម្មការបច្ចេកទេស និងមន្រ្តីដឹកនាំការប្រកួត កីឡាហែលទឹកថ្នាក់ជាតិ នៅថ្ងៃទី៩ខែកុម្ភៈ ឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួម ពិធីបិទជាផ្លូវការនៅមណ្ឌលកីឡាហែលទឹក នៃពហុកីឡដ្ឋានជាតិមរតកតេជោ ពីសំណាក់លោក ប៉ែន វុទ្ធី អនុប្រធានទទួលបន្ទុក ទូទាំងនាយកដ្ឋានអប់រំកាយ និងកីឡា និងលោក ហែម គីរី អគ្គលេខាធិការ នៃសហព័ន្ធខ្មែរកីឡាហែលទឹក។

លោក ហែម គីរី បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះ មានសិក្ខាកាមចំនួន៣០នាក់ មកខេត្តកំពង់ចាម ខេត្តបាត់ដំបង ស្រុកកោះធំ (ខេត្តកណ្តាល) ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មន្ត្រីពហុកីឡដ្ឋានជាតិមរតកតេជោ មន្ត្រីសហព័ន្ធខ្មែរកីឡាហែលទឹក រៀបចំដោយសហព័ន្ធខ្មែរ កីឡាហែលទឹក បានរៀបចំក្រោមការប្រើប្រាស់ថវិកា ឧបត្ថម្ភប្រចាំប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវនជ និងកីឡា ឆ្នាំ២០២១។

លោកបានបន្តថា វគ្គនេះធ្វើឡើងក្នុងគោលបំណង ចង់ពង្រឹងសមត្ថភាព ចំណេះដឹងរបស់មន្រ្តីគណៈកម្មការទាំងអស់ របស់សហព័ន្ធខ្មែរកីឡាហែលទឹក ជាមួយនឹងលោកគ្រូឧទ្ទេស ដែលមានបទពិសោធន៍ និងជាមន្រ្តីគណៈកម្មការ បច្ចេកទេសអន្តរជាតិ ទទួលស្គាល់ដោយ សហព័្ធន្ធកីឡាហែលទឹកអន្តរជាតិ (FINA) ដើម្បីយកមកចែករម្លែកបង្ហាត់បង្រៀន នូវបច្ចេកទេស ក៏ដូចជាបទបញ្ជាថ្មីៗ បានកែប្រែជារៀងរាល់ឆ្នាំ ជូនទៅដល់សិក្ខាកាមទាំងអស់ បានសិក្សាស្វែងយល់ និងយកទៅអនុវត្តផ្ទាល់ ដើម្បីត្រៀមខ្លួនចូលរួមដឹកនាំ ការប្រកួតក្នុងព្រឹត្តិការណ៍ កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ដែលព្រះរាជាណាចក្រកម្ពុជា ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ។

សម្រាប់ការសិក្សារយៈពេល៣ថ្ងៃសិក្ខាកាម ចំនួន៣០នាក់ ទទួលបាននិទ្ទេសល្អ រហូតដល់៩០ភាគរយ និងនិទ្ទេសល្អ១០ ភាគរយនេះសបញ្ជាក់សិក្ខាកាម ដែលជាគណៈកម្មការបច្ចេកទេស និងមន្រ្តីដឹកនាំការប្រកួត មានការយកចិត្តទុកដាក់ក្នុងការសិក្សា ។
វគ្គនេះបង្រៀនដោយលោក នាង សូរិទ្ធិយ៉ា ជាមន្ត្រីបច្ចេកទេសកម្រិតអន្តរជាតិ ធ្លាប់ចូលរួមធ្វើអាជ្ញាកណ្តាល និងចៅក្រមការប្រកួតកីឡា SEA GAMES ២០១៩ រូបលោកក៏ជាជាមន្ត្រីបច្ចេកទេស កម្រិតអន្តរជាតិ លោក ហែម ថុនពន្លឺ។

លោក ប៉ែន វុទ្ធី ក៏បានមានប្រសាសន៍ថា ដោយអនុវត្តទៅតាម គោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍវិស័យអប់រំកាយ និងកីឡា និងយុទ្ធសាស្ត្រកំណែទម្រង់ អនុវិស័យអប់រំកាយ និងកីឡា និងដើម្បីឆ្ពោះទៅ SEA GAMES ឆ្នាំ២០២៣ ក្រសួងអប់រំ យុវជន និងកីឡាបានធ្វើកំណែទម្រង់រួមមាន ការរៀបចំការប្រកួត ការកែរលម្អហេដ្ឋារចនាសម្ព័ន្ធ ការបណ្តុះបណ្តាលធនធានមនុស្ស ការផ្ដល់ថវិកាគាំទ្រ ដល់សហព័ន្ធកីឡាជាតិ។ ចំណុចទី៤ខាងលើ ក្រសួងអប់រំ យុវជន និងកីឡា តាមរយៈនាយកដ្ឋានអប់រំកាយ និងកីឡា ក៏បានផ្តល់ថវិកាគាំទ្រ ដល់សហព័ន្ធកីឡាជាតិចំនួន៤២ ក្នុងឆ្នាំ២០២១នេះ សម្រាប់ដំណើរការងារទ្រទ្រង់ ដល់សហព័ន្ធលើផ្នែករដ្ឋបាល បណ្តុះបណ្តាលធនធានមនុស្ស និងរៀបចំការប្រកួត។

លោកបានបន្តថា ថ្វីដ្បិតតែចំនួនថវិកាទាំងនេះ មិនទាន់ឆ្លើយតប ទៅលើការចំណាយទាំងស្រុង របស់សហព័ន្ធក៏ពិតមែន ប៉ុន្តែក៏អាចសម្រួលដល់សហព័ន្ធ ក្នុងកិច្ចការចម្បងៗមួយចំនួនធំផងដែរ។ ស្នើសុំឲ្យសហព័ន្ធកៀរគរ ស្វែងរកដៃគូ អ្នកឧបត្ថម្ភ សប្បុរសជនជួយគាំទ្របន្ថែម ទៀតដើម្បីបំពេញបន្ថែម លើថវិការបស់ក្រសួងនេះ។ បន្ថែមពីលើនេះ ក្រសួងក៏បានប្រមូលផ្ដុំ កីឡាករ-កីឡាការិនី ជម្រើសជាតិ ធ្វើការហ្វឹកហាត់និង ផ្ដល់ថវិកាឧបត្ថម្ភប្រចាំខែ និងផ្ដល់ប្រាក់រង្វាន់តាមអនុក្រឹត្យ និងប្រកាសអន្តរ ក្រសួងនៅពេលទទួលបានជ័យលាភី ពីកាប្រកួតលក្ខណៈ អន្តរជាតិនានាផងដែរ៕ ដោយ៖លី ភីលីព

Most Popular

To Top