ភ្នំពេញ៖ នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ លោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ប្រធានគណៈកម្មការសិទ្ធិមនុស្សកម្ពុជា និងអនុប្រធានសហព័ន្ធកីឡាគុនល្បុក្កតោ តំណាងលោកបណ្ឌិតសភាចារ្យ ច័ន្ទ សារុន ប្រធានសហព័ន្ធ កីឡាគុនល្បុក្កតោកម្ពុជា លោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា និងលោកស្រី នួន ស៊ុន្ទរី អគ្គនាយិកាក្រុមហ៊ុន សម្រស់ធម្មជាតិ បានអញ្ជើញចូលរួមពិធី ការប្រកួតកីឡាគុនល្បុក្កតោ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ នៅសាលដំបូលទូក នៃសកលវិទ្យាភូមិន្ទភ្នំពេញ ដែលប្រព្រឹត្តិចាប់ពីថ្ងៃទី២២ ដល់ ២៧ ខែកុម្ភៈ ឆ្នាំ២០២២។
លោក កែវ រ៉េមី បានមានប្រសាសន៍ថា ការប្រកួតកីឡាគុនល្បុក្កតោ ជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២១នេះ អាចដំណើរការទៅបាន ដោយសារការឧបត្ថម្ភគាំទ្រជាគោលការណ៍ ពីក្រសួងអប់រំយុវជន និងកីឡា ដើម្បីជំរុញការអភិវឌ្ឍន៍កីឡាគុនល្បុក្កតោ ក្នុងនោះក៏មានការចូលរួម ពីក្រុមហ៊ុនជាដៃគូអភិវឌ្ឍន៍ កីឡាប្រពៃណីនេះផងដែរ គឺក្រុមហ៊ុន សម្រស់ធម្មជាតិ ដែលក្រុមហ៊ុនបាន បំពេញតម្រូវការមួយចំនួន ទាំងផ្នែកទីលាន ផ្នែកផ្គត់ផ្គង់ និងអាវយឺតដ៏ស្រស់ស្អាតរបស់កម្មវិធី សរុបជាទឹកប្រាក់ចំនួណ ១៥,០០០ ដុល្លាសហរដ្ឋអាមេរិក ។
ការប្រកួតនេះត្រៀមលក្ខណៈសម្បត្តិ ឆ្ពោះទៅឆ្នាំ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ ក្នុងការរៀបចំការប្រកួតកីឡា SEA GAMES លើកទី៣២ ។ ដោយរាជរដ្ឋាភិបាល សម្រេចធ្វើម្ចាស់ផ្ទះក្នុងការរៀបចំ ការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា គឺមានកិច្ចការងារជាច្រើន ដែលត្រូវបំពេញក្នុងឋានៈជាម្ចាស់នៃក្បាច់គុន ក្នុងទាំងការបណ្តុះបណ្តាលធនធានកីឡាករ កីឡាការិនី គ្រូបង្វឹកអាជ្ញាកណ្តាលចៅក្រម ក្នុងស្រុក និងធនធានមនុស្ស នៅប្រទេសដែលជាសមាជិកផង ដើម្បីត្រៀមលក្ខណៈឲ្យបានគ្រប់គ្រាន់ សម្រាប់ការប្រកួតនៃព្រឹត្តិការណ៍ SEA GAMES ២០២៣ ហើយជាពិសេសយើងនឹងមាន ការបង្ហាញទស្សនីយភាពដ៏ធំ របស់គុនល្បុក្កតោមានអ្នកសម្តែង គុនល្បុក្កតោប្រមាណ ១០០០នាក់នៃព្រឹត្តិការណ៍ បើកជាផ្លូវការនៃព្រឹត្តិការណ៍ SEA GAMES ២០២៣ផងដែរ។
លោកបានបន្តថា ដើម្បីសម្រេចកិច្ចការងារដ៏ធំធេងមួយនេះ ដើម្បីមុខមាត់ជាតិ និងជាដឹងគុណដ៏បុព្វបុរស និងរាជរដ្ឋាភិបាល គឺយើងមិនអាចខ្វះបាន ពីការចូលរួម ការតាំងចិត្តបំពេញកិច្ចការងារដោយស្ម័គ្រចិត្ត របស់សមាជិកយើងម្នាក់ៗ ដើម្បីសម្រេចគោលដៅរួមគ្នា ក្នុងការជម្រុញឲ្យគុនល្បុក្កតោ កាន់ភាពល្បីល្បាញ ទាំងក្នុងស្រុក និងក្រៅស្រុកឲ្យសាកសម ជាអ្នកបន្តវេនដ៍វៃឆ្លាត របស់បុព្វបុរសខ្មែរយើង។
សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា និងរៀបចំការប្រកួតកីឡាគុនល្បុក្កតោ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ នៅថ្ងៃទី២៥ ដល់ ២៧ ខែកុម្ភៈ ឆ្នាំ២០២២នៅសាលដំបូលទូក នៃសកលវិទ្យាភូមិន្ទភ្នំពេញ។
ការប្រកួតកីឡាគុនល្បុក្កតោ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ នេះ មានការចូលរួមពី២៧សាលាគុន ដែលមានកីឡាករ កីឡាការិនី គ្រូបង្វឹក សរុបប្រមាណ ២០០នាក់ គណៈកម្មការរៀបចំការប្រកួត ៤៤ នាក់ និងក្រុមការងារស្ម័គ្រចិត្ត ២០នាក់ អ្នកប្រកួតលើ២១ប្រភេទវិញ្ញសារ ក្នុងនោះមានវិញ្ញាសារសម្តែង ទៅទម្រង់មេគុន១២ ប្រភេទវិញ្ញសា បុរស នារី និងវិញ្ញាសារប្រយុទ្ធមាន ៩ប្រភេទទម្ងន់បុរស នារី៕ ដោយ៖លី ភីលីព