ភ្នំពេញ ៖ សហព័ន្ធកីឡវ៉ូវីណាមកម្ពុជា ត្រៀមបញ្ជូនក្រុមកីឡាករ-កីឡាការិនី១៨នាក់ ចូលរួមព្រឹត្តិការណ៍ ការប្រកួតកីឡា អាស៊ីអាគ្នេយ៍ (SEA GAMES) លើកទី៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម នាពាក់កណ្តាលខែ ឧសភា ឆ្នាំ២០២២ខាងមុខ ដើម្បីប្រកួតប្រជែង ដណ្ដើមមេដាយជូនជាតិ ក្នុងព្រឹត្តការណ៍ប្រកួតកីឡាដ៏ធំជាងគ ក្នុងតំបន់មួយនេះ ។

លោក អ៊ូ រតនា ប្រធានសហព័ន្ធកីឡវ៉ូវីណាមកម្ពុជា យើងនឹងបញ្ជូន ក្រុមកីឡាករ-កីឡាការិនី១៨នាក់ គ្រូបង្វឹក ៣នាក់ គ្រូពេទ្យ ១នាក់ អាជ្ញាកណ្តាល និងចៅក្រម២នាក់ ដឹកនាំប្រកួត២នាក់ ក្នុងនោះមានរូបលោកដែរ សរុបទំាងអស់២៨នាក់ ។ លោកមានសង្ឃឹម ក្នុងការដណ្តើមមេដាយ ជូនជាតិកម្ពុជា តែលោកមិន អាចកំណត់មេដាយមាស ប្រាក់ និងសំរិទ្ធ បានឡើយ ដោយសព្វថ្ងៃនេះ ក្រុមកីឡាករ-កីឡាការិនី ទំាងអស់គ្នា កំពុងធ្វើការហ្វឹកហាត់បិទខ្ទប់ យ៉ាងសកម្ម នៅពហុកីឡដ្ឋានជាតិមរតក ។

លោកបន្តថា ការហ្វឹកហាត់បែបនេះ ដើម្បីពង្រឹងសមត្ថភាព របស់ពួកគេឲ្យកាន់តែខ្លាំងក្លាថែមទៀត ដោយសារការប្រកួត SEA GAMES នៅទីក្រុងហាណូយ ប្រទេសវៀតណាម កាន់ តែខិតជិតមកដល់ ដូច្នេះយើងត្រូវជំរុញហ្វឹកហាត់ មិនអាចបង្អង់បានឡើយ ប្រសិនបើចង់ឈ្នះមេដាយ កីឡាករ-កីឡាការិនី ត្រូវតស៊ូហ្វឹកហាត់ជានិច្ច ៕ដោយ៖លី ភីលីព



