កីឡា

Pique ធ្លាប់​ឈ្លោះ​គ្នា​ជាមួយ Pep ក្រោយ​មាន​ស្នេហា​ ជាមួយ Shakira

ខ្សែ​ការពារ​ក្លឹប Barcelona កីឡាករ Gerard Pique បាន​ទម្លាយ​ប្រាប់​សារព័ត៌មាន​ La sotana កន្លង​ទៅ​ថា ខ្លួន​ធ្លាប់​ចូល​ដល់​ដំណាក់​កាល​ឈ្លោះ​គ្នា​ជាមួយ​គ្រូ​បង្គោល​ Pep Guardiola នៅ​រដូវ​កាល ២០១១/១២ អំឡុង​ពេល​ភ្ជាប់​ចំណង​ស្នេហា​​​ ជាមួយ​តារា​ចម្រៀង​កូឡុំប៊ី​អ្នកស្រី Shakira។

”យើង​ធ្លាប់​ឈាន​ដល់​ចំណុច​សំខាន់ ​នៃ​ជម្លោះ​មួយ​ជាមួយ​គាត់ [Pep Guardiola] និង​អ្នក​នៅ​បន្ទប់​សំលៀកបំពាក់​ [សំដៅ​លើ​មិត្ត​រួម​ក្រុម] ទាំង​មូល​តែ​ម្ដង​។ ការ​ប្រជែង​គ្នា​ជាមួយ​លោក Jose Mourinho ពិត​ជា​ហត់​មែនទែន​តែ​ម្ដង។ Pep គាត់​ចង់​បាន​ក្ដោប​អ្វី​គ្រប់​យ៉ាង ដែល​បាន​កើត​ឡើង”។ នេះ​បើ​តាម​ការ​លើកឡើង​របស់​កីឡាករ​បាល់ទាត់​មហាសេដ្ឋី​រូប​នេះ។

លោក​បាន​បន្ថែម​ថា៖ “ខ្ញុំ​ចាប់​ផ្ដើម​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ Shakira ហើយ​ធ្វើ​ឱ្យ​ទំនាក់ទំនង​ជាមួយ​គាត់​ប្រែប្រួល​តែ​ម្ដង តែ​ឥលូវ​យើង​ត្រូវ​គ្នា​ល្អ​ណាស់។ ពេល​នោះ​ ខ្ញុំ​មាន​សម្ពាធ ខ្ញុំ​គិត​ថា​ នៅ​ពេល​ហ្វឹកហាត់​ ខ្ញុំ​ត្រូវ​តែ​ធ្វើ​អ្វីៗ​ឱ្យ​បាន​ឥត​ខ្ចោះ”។

Pique បាន​បន្ត​ថា៖ “ប្រសិន​បើ​និយាយ ​អំពី​ពេល​ដែល​ខ្ញុំ​ចង់​ចេញ​ពី Barca គឺ​នៅ​រដូវ​កាល ២០១១/១២។ ខ្ញុំ​ឈឺចាប់​ខ្លាំង​ណាស់​ នៅ​ក្នុង​ឆ្នាំ​ចុង​ក្រោយ​ជាមួយ​គាត់”។

លោក Pep បាន​ដឹកនាំ​ Barcelona ពី​ឆ្នាំ២០០៨ រហូត​ដល់​ឆ្នាំ២០១២។ អំឡុង​ឆ្នាំ២០១១-១២ គេ​សង្កេត​ឃើញ​ថា លោក Pep និង​លោក Mourinho បាន​ប្រជែង​គ្នា​យ៉ាង​ខ្លាំង ដែល​ធ្វើ​ឱ្យ​ការ​ប្រកួត El Clasico (ប្រកួត​រវាង Real Madrid និង Barcelona) មាន​សភាព​ស្វិតស្វាញ​យ៉ាង​ខ្លាំង។

Pique និង​ Shakira ជួប​គ្នា​អំឡុង​ពេល​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក​ឆ្នាំ២០១០ ដែល​ធ្វើ​នៅ​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង។ អ្នក​ទាំង​ពីរ​បាន​ផ្ដើម​ចំណង​ស្នេហ៍​ជា​ផ្លូវការ​នៅ​ឆ្នាំ២០១១ ហើយ​គូស្នេហ៍​មាន​កូន​ចំនួន ២នាក់​ជាមួយ​គ្នា៕ Source: Sabay

Most Popular

To Top