ភ្នំពេញ ៖ ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ ប្រភេទកីឡាវាយកូនឃ្លីលើតុ និង កីឡាអត្តពលកម្ម ក្នុងចំណោម៨ប្រភេទ នៃប្រកួតកីឡាសិស្សបឋម សិក្សាថ្នាក់ជាតិ ២០២២ ចាប់ផ្តើមហើយនៅពហុកីឡដ្ឋានជាតិ អូឡាំពិក ដែលមានការប្រកួតចាប់ ពីថ្ងៃនេះរហូតដល់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២ទើបចប់ជាផ្លូវការ ។
លោក ស៊ុន សុទ្ធារិទ្ធ អគ្គលេខាធិការ នៃសហព័ន្ធកីឡាវាយកូនឃ្លីលើតុ បានមានប្រសាសន៍ថា សម្រាប់ប្រភេទកីឡាវាយកូនឃ្លី លើតុមាន ៦ ខេត្ត ចូលរួមដូចជារាជធានីភ្នំពេញ ខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង ខេត្តសៀមរាប ខេត្តស្ទឹងត្រែង និងខេត្តកំពត ។ យើងបានដាក់៦វិញ្ញាសារួមមាន វិញ្ញាសាវាយឯកត្តជនកុមារា-កុមារី វិញ្ញសាវាយជាគូកុមារា-កុមារី និងកុមារា-កុមារីវាយជាក្រុមខ្វែង ។
លោកបានបន្តថា ការប្រកួតវិញ្ញាសា ជាក្រុមកុមារយើងបែងចែក ចេញជា២ពូល គឺពូល A និងពូល B សម្រាប់ពូល A រាជធានីភ្នំពេញ ខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង ចំពោះពូល B ខេត្តសៀមរាប ខេត្តស្ទឹងត្រែង និងខេត្តកំពត ។
បញ្ជាក់៖ចំណែកប្រភេទកីឡាបាល់ទាត់ បាល់ទះ និងបាល់បោះបានឈានចូលរួមពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ។ ការប្រកួតនេះមាន៨ប្រភេទកីឡា ស្មើនឹង៣៤វិញ្ញាសា លើប្រភេទ កីឡាបាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម វាយសី វាយកូនឃ្លីលើតុ តេក្វាន់ដូ WT និង តេក្វាន់ដូ ITF ដែលមានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី ១៦៧៧នាក់ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២២។
ការប្រកួតកីឡានេះ ទៅតាមគន្លងប្រក្រតីភាពថ្មីដែរ ដោយរក្សានូវវិធានការ ការពារជាប់ជានិច្ច ពោលគឺរក្សាអនាម័យ វាស់កម្ដៅ រក្សាគម្លាត និង ពាក់ម៉ាសជាប្រចាំ ។ ការប្រកួតធ្វើឡើងដើម្បីបំផុសសកម្មភាពអប់រំ កាយ និងកីឡាក្នុងគ្រឹះស្ថានសិក្សា និង នៅតាមរាជធានី-ខេត្ត និងជួយឲ្យសិស្ស មានសុខុមាលភាពល្អ កាយសម្បទាមំា មួន ឆន្ទៈមោះមុត អំណត់ព្យាយាម វិន័យ ស្មារតីក្រុម គំនិតច្នៃប្រឌិត និងតស៊ូស្វិត ស្វាញ សំដៅដណ្ដើម បានលទ្ធផលល្អប្រសើរ លើការប្រកួត ទទួលបានលទ្ធផលការសិក្សាល្អ និងជីវភាពរស់នៅសុខដុមរមនា ៕ដោយ៖លី ភីលីព