Real Madrid បានដាក់តម្លៃទិញផ្ដាច់កុងត្រា របស់ Antonio Rudiger ដល់ទៅ៣៤០លានផោន បន្ទាប់ពីខ្សែការពាររបស់ Chelsea បានបញ្ចប់ការផ្លាស់មកកាន់ប្រទេសអេស្ប៉ាញកាលពីថ្ងៃអង្គារ។
កីឡាករសញ្ជាតិអាល្លឺម៉ង់បានចុះកុងត្រា រយៈពេល៤ឆ្នាំជាមួយ Madrid ដោយទទួលបានថ្លៃនឿយហត់៣១,៥ម៉ឺនផោនក្នុងមួយសប្ដាហ៍។ ការប្រកាសជាផ្លូវការ Rudiger ក្លាយជាកីឡាកររបស់ Madrid រំពឹងនឹងបង្ហាញ នៅចុងខែឧសភាឬដើមខែមិថុនា។
Rudiger បានបដិសេធសំណើធំៗជាច្រើន ពីក្លឹបក្នុងតំបន់អឺរ៉ុប ដើម្បីបានចូលរួមជាមួយ Real ដោយគ្មានតម្លៃខ្លួន (អស់កុងត្រាជាមួយ Chelsea)។ Manchester United, Barcelona, Paris Saint-Germain និង Juventus សុទ្ធសឹងតែចាប់អារម្មណ៍លើ កីឡាករវ័យ២៩ឆ្នាំ។ ដោយសារតែជាប់ទណ្ឌកម្ម របស់រដ្ឋាភិបាលអង់គ្លេស ក្លឹប Chelsea មិនអាចបន្ថែមកុងត្រាថ្មី លើកីឡាកររបស់ខ្លួនបានឡើយ។
Rudiger បានចូលរួមជាមួយ Chelsea ផ្លាស់ពីក្លឹប Roma ក្នុងតម្លៃខ្លួន២៩លានផោនកាលពីឆ្នាំ២០១៧ ជាមួយកុងត្រា៥ឆ្នាំ។ ទល់នឹងពេលនេះ ៥រដូវកាលជាមួយក្លឹប គេរកបាន១២គ្រាប់ក្នុងការបង្ហាញខ្លួន ១៩៩ប្រកួតគិតគ្រប់កម្មវិធី៕ Source: Sabay