ភ្នំពេញ ៖ សហព័ន្ធខ្មែរហែលទឹក បានបញ្ជូនប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីហែលទឹកជម្រើស កម្ពុជាទៅចូលរួមប្រកួតកីឡាហែលទឹក ជ្រើសរើសជើងឯកពិភពលោក លើកទី១៩ ឆ្នាំ២០២២ “the 19th FINA World Swimming Championships” នៅទីក្រុង Budapest ប្រទេសហុងគ្រីនាយប់ថ្ងៃ ទី ១៦ ខែមិថុនា ឆ្នាំ២០២២ ហើយ ។
លោក ហែម គីរី អគ្គលេខាធិការនៃសហព័ន្ធខ្មែរហែលទឹក តំណាងឲ្យលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានសហព័ន្ធខ្មែរ ហែលទឹកបានប្រាប់ឲ្យដឹង តាមប្រព័ន្ធអនឡាញថា ការប្រកួតជើងឯកពិភពលោក សហព័ន្ធខ្មែរហែលទឹក បញ្ជូនទៅចូលរួមចំនួន ៤នាក់ រួមមាន ប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនី២នាក់ ហើយការប្រកួតនេះ ចាំបាច់សហព័ន្ធ ត្រូវតែទចូលរួម ដើម្បីចូលរួមជាសមាជិក របស់សហព័ន្ធហែលទឹកពិភពលោក “FINA” ។
លោកបានបន្តថា ចំណែកប្រធានប្រតិភូ លោក នាង សូរិទ្ធិយ៉ា តំណាងឲ្យសហព័ន្ធខ្មែរហែលទឹកចូលរួមប្រជុំមហាសន្តិបាតសហព័ន្ធហែលទឹកពិភពលោក “FINA”នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២នៅទីក្រុង Budapest ប្រទេសហុងគ្រី ។ ចំពោះការប្រកួតលើកនេះ សម្រាប់ការត្រៀមខ្លួនចូលរួមព្រឹត្តិការណ៍ ការប្រកួតកីឡាអូឡាំពិកផងដែរ។
លោកអគ្គបានបន្ថែមទៀតថា កីឡាករ-កីឡាការិនីហែលទឹកកម្ពុជា ២នាក់ គឺកីឡាការិនីហែលទឹក សុខ វរលក្ខណ៍ និងកីឡាករហែលទឹក ឆាលីស រចនា បេននីឈី ចំពោះកីឡាករហែលទឹក ឆាលីស រចនា បេននីឈី លើវិញ្ញាសាហែល ១០០ម៉ែត្រផ្ងារ និង៤០០ម៉ែត្រសេរី រីឯកីឡាការិនីហែលទឹក សុខ វរលក្ខណ៍លើវិញ្ញាសាហែល ៥០ម៉ែត្រកង្កែប និង៥០ម៉ែត្រសេរី៕