ម្ចាស់មេដាយមាសពិភពលោក វ៉ូវីណាម ឆ្នាំ២០១៩ និងម្ចាស់មេដាយសំរឹទ្ធស៊ីហ្គេម២០២២ នៅវៀតណាម កីឡាការិនី ពៅ សុខា មានជំនឿចិត្តថាខ្លួន នឹងយកបានមេដាយមាស ជូនជាតិសម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ ។
ពៅ សុខា កាលឈ្នះមេដាយសំរឹទ្ធ ស៊ីហ្គេម នៅវៀតណាម (រូបថត ពៅ សុខា ) កីឡាការិនី ដែលទើបឈ្នះមេដាយសំរឹទ្ធ នៅស៊ីហ្គេម ប្រទេសវៀតណាម កាលពីពេលថ្មីៗបានឲ្យដឹងថា ខ្លួនពិតជាមានការសោកស្ដាយសម្រាប់ស៊ីហ្គេម នៅវៀតណាម ដែលមិនអាចយកមេដាយមាស ជូនជាតិបាន ។ មេដាយសំរឹទ្ធដែលឈ្នះនេះ មិនមែនជាគោលដៅរបស់ខ្លួនឡើយ ព្រោះតែកីឡាការិនីរូបនេះបានត្រៀមខ្លួនយ៉ាងល្អ ។ តែយ៉ាងណារូបគេនឹងប្រឹងប្រែងកែប្រែរាល់ចំណុចខ្វះខាត ដែលមាននោះឲ្យមកជាល្អវិញ ដើម្បីប្រជែងយកមេដាយមាស ឲ្យខាងតែបាន ។
កីឡាការិនីខាងលើ បាននិយាយថា «ខ្ញុំពិតជាមានការសោកស្ដាយណាស់បង ដែលធ្វើមិនសូវបានល្អសម្រាប់ស៊ីហ្គេមនៅវៀតណាម។ តែយ៉ាងណាយើងនិយាយអី ក៏មិនកើតព្រោះវាហួសអស់ទៅហើយ អ្វីដែលយើងត្រូវគិតបន្តគឺស៊ីហ្គេម នៅកម្ពុជាឆ្នាំក្រោយ ខ្ញុំសង្ឃឹមថានៅកម្ពុជា អាជ្ញាកណ្ដាល នឹងមានភាពសុក្រឹតមិនដូចនៅវៀតណាមទេ។…ខ្ញុំបានតាំងចិត្តហើយថាស៊ីហ្គេមនៅកម្ពុជា នឹងយកមាសឲ្យបាន ណាមួយប្រភេទវិញ្ញាសា ដែលខ្ញុំឈ្នះមាសនៅ World ហ្នឹងក៏មានដាក់បញ្ចូលដែរ នៅប្រទេសយើងហេតុនេះហើយ ទើបខ្ញុំសង្ឃឹមច្រើនបង»។
ឡាការិនីខាងលើ បានធ្វើការសំណូមពរ ទៅកាន់អ្នកគាំទ្ររបស់ខ្លួនថា សូមមេត្តាបន្តគាំទ្រ ព្រោះថាអ្នកគាំទ្រជាកម្លាំង ចិត្តមួយយ៉ាងសំខាន់ សម្រាប់កីឡាករ-កីឡាការិនីគ្រប់រូប ។ មែនទែនទៅគ្រប់គ្នាមិនចង់ទទួលបានលទ្ធផលបរាជ័យនោះឡើយ ដូច្នេះសូមអ្នកគាំទ្របន្តគាំទ្រ ឲ្យបានកាន់តែខ្លាំងដើម្បីជាកម្លាំងចិត្តសម្រាប់កីឡាករគ្រប់គ្នា ។
ក្រុមកីឡាករ-កីឡាការិនី វ៉ូវីណាម កំពុងហ្វឹកហាត់២ពេលក្នុង១ថ្ងៃ ដោយក្នុងមួយពេលហាត់ រយៈពេល២,៥ម៉ោងទៅ៣ម៉ោង ដើម្បីត្រៀមការប្រកួត ជើងឯកអាស៊ីអាគ្នេយ៍ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅខែមករា ឆ្នាំ២០២៣ ក្នុងដំណើរឆ្ពោះទៅកាន់ការប្រជែង មេដាយស៊ីហ្គេមនៅកម្ពុជាផងដែរ ៕