ភ្នំពេញ ៖ មេដាយសំរិទ្ធ ដែលទទួលបានពីព្រឹត្តិការណ៍ ការប្រកួតកីឡា SEA GAMES 2021 លើកទី៣១ នៅទីក្រុងហូណាយ ប្រទេសវៀតណាម ជាប្រវត្តិសាស្ត្រ សម្រាប់សហព័ន្ធខ្មែរហែលទឹក ក្រោមការដឹកនាំ របស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានសហព័ន្ធខ្មែរហែលទឹក នាពេលថ្មីៗនេះ លោក ហែម គីរី ក្លាយជាអគ្គលេខាធិការសហព័ន្ធហែលទឹក អាស៊ីអាគ្នេយ៍ថែមទៀត ។

លោក ហែម គីរី អគ្គលេខាធិការ សហព័ន្ធខ្មែរហែលទឹក បាននិយាយប្រាប់ឲ្យ តាមសារអេឡិចត្រូនិចថា សហព័ន្ធហែលទឹក អាស៊ីអាគ្នេយ៍ បានតែងតាំងលោកជាអគ្គលេខាធិការ សហព័ន្ធ នៅក្នុងកិច្ចប្រជុំមហាសន្តិបាត របស់សហព័ន្ធកាលព្រឹត្តិការណ៍ ការប្រកួតកីឡា SEA GAMES 2021 លើកទី៣១ នៅទីក្រុងហូណាយ ប្រទេសវៀតណាមកន្លងទៅនេះ ។
លោកបានបន្តថា ប្រធានសហព័ន្ធហែលទឹកអាស៊ីអាគ្នេយ៍ ជាជនជាតិសិង្ហបូរី អនុប្រធានជនជាតិម៉ាឡេស៊ី ចំពោះអគ្គលេខាធិការ រូបលោកផ្ទាល់តែម្តង នេះជាសមិទ្ធិផលគ្រប់យ៉ាង ដែលសហព័ន្ធខ្មែរហែលទឹក ដំណើរការឈានមកដល់ចំណុចនេះ គឺលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រធានសហព័ន្ធខ្មែរហែលទឹក ជាអ្នកត្រួតត្រាយ ផ្លូវគ្រប់បែបយ៉ាង ក្នុងការដឹកនាំ និងអភិឌ្ឍន៍វិស័យកីឡាហែលទឹក នៅកម្ពុជា ប្រសិនបើគ្មាន រូបលោកលទ្ធផលទំាងអស់នេះ មិនអាចកើតមានបានឡើយ ។

លោកបានបន្ថែមទៀតថា នាពេលនេះក្រុមកីឡាករហែលទឹក ដណ្តើមមេដាយ និងរូបលោកក្លាយជាអគ្គលេខា ធិការសហព័ន្ធហែលទឹក ជាសមិទ្ធិផលមួយ សម្រាប់រូបលោកក្នុងនាមជាប្រធានសហព័ន្ធ ។ នេះជាចំណុចចាប់ផ្តើម របស់សហព័ន្ធតែប៉ុណ្ណោះ ក្នុងនាមសហព័ន្ធ និងតំាងនាមឲ្យលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល នឹងពង្រឹងសមត្ថភាពបន្តទៀត ត្រៀមព្រឹត្តិការណ៍ ការប្រកួត SEA GAMES ២០២៣ នៅកម្ពុជា៕
