ភ្នំពេញ ៖ នារសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ឯក លី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា លោក អ៊ុក ឌីម៉ង់ អគ្គនាយករង នៃអគ្គនាយកដ្ឋានកីឡា និង លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍ កីឡាបានអញ្ជើញ ចូលរួមបិទ ការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២២ នៅសាលវាយសី នៃពហុកីឡដ្ឋានជាតិ សម្រាប់ប្រភេទកីឡាវាយសី ។

ឧត្តមសេនីយ៍ឯក លី កុសល បានវាយតម្លៃខ្ពស់ ចំពោះការប្រកួតនេះ ដែលមានការចូលរួមពីកីឡាករ -កីឡាការិនី ជានិស្សិតសបញ្ជាក់ឲ្យឃើញ ការរីកចម្រើនមួយកម្រិតទៀត នៃវិស័យកីឡាវាយសីកម្ពុជា សមម្រាប់ឆ្នាំនេះ មានតែ១០សាកលវិទ្យា និងវិទ្យាស្ថានអប់រំ ។ លោកប្រធានសហព័ន្ធក៏បានជំរុញ និងលើកទឹកចិត្តទាំងកីឡាករ-កីឡាការិនីដែលមានវត្តមាននៅទីនេះទាំងអស់ត្រូវបន្ដការខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីអភិវឌ្ឍន៍ខ្លួនក្លាយជាកីឡាករ-កីឡាការិនីមានគុណផលខ្ពស់ និងឈានទៅប្រកួតស្មើមុខមាត់លើឆាកអន្ដរជាតិ ហើយឆ្នាំក្រោយលោកសង្ឃឹមថា មាន៣០សាកលវិទ្យា និងវិទ្យាស្ថានអប់រំ ។

លោកបានបនត្ថា ការប្រកួតកីឡានេះ តម្រូវឲ្យឈរលើស្មារតីទទួលខុសត្រូវ ការគោរពវិន័យ គោរពបទបញ្ជាបច្ចេកទេស ចេះយោគយល់ អធ្យាស្រ័យ ទើបអាចផ្សារ ភ្ជាប់យ៉ាងជិតស្និទ្ធ នូវចំណងមិត្តភាព សាមគ្គីភាព និងភាតរភាព ដែលជាគំរូមួយដ៏ល្អប្រសើរ សម្រាប់ប្រទេសជាតិយើង និងជៀសផុត ពីអំពើអសកម្មផ្សេងៗ នៅក្នុងសង្គម ពិសេសជាងនេះទៀតនោះ ឲ្យស្របទៅ តាមលំនាំ នៃការរៀបចំការប្រកួតកីឡា សាកលវិទ្យាល័យ មានលក្ខណៈជាហ្គេម (GAMES) ទៅនឹងការប្រកួតកីឡា សាកលវិទ្យាល័យ អាស៊ាន (ASEAN University Games) ។

ការប្រកួតកីឡា ឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេស ថ្នាក់ជាតិ ឆ្នាំ២០២២ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ដល់ទី៣០ ខែមិថុនា នៅរាជធានីភ្នំពេញ ដោយធ្វើការប្រកួតទៅលើវិញ្ញាសា ចំនួន ៨៨វិញ្ញាសា និងប្រភេទកីឡាចំនួន ១២ រួមមាន ៖ បាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម ប៉េតង់ ហែលទឹក វាយកូនឃ្លីលើតុ វាយសី តេក្វាន់ដូ (WT) តេក្វាន់ដូ (ITF) ការ៉ាតេ និងសីប៉ាក់តាក្រ៕


