ភ្នំពេញ៖ការប្រកួតកីឡានិស្សិតឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ឆ្នាំ២០២២ លើប្រភេទកីឡា វាយកូនឃ្លីលើតុនៅទីលានសហព័ន្ធកីឡា វាយកូនឃ្លីលើតុនៃពហុកីឡដ្ឋានជាតិអូឡាំពិក នៅថ្ងៃទី២៩ ខែមិថុនា លោក ព្រុំ ប៊ុណ្ណយី ទីប្រឹក្សាក្រសួងអប់រំ យុវជន និងកីឡាបានអញ្ជើញចូលរួមពិធីបិទជាផ្លូវការ។



លោក ស៊ុន សុទ្ធារិទ្ធ អគ្គលេខាធិការសហព័ន្ធ កីឡាវាយកូនឃ្លីលើតុបានមានប្រសាសន៍ថា ការប្រកួតចំនួន ៨ ស្ថានសិក្សារដ្ឋ និងឯកជនរួម មានវិទ្យាស្ថានបច្ចេកទេសកម្ពុជា វិទ្យាស្ថានខេមអេដ វិទ្យាស្ថានសិក្សាដើម្បីភាព ជោគជ័យ សាកលវិទ្យាល័យ បាត់ដំបង់ បណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យ អន្តរជាតិផារ៉ាហ្គន និងពុទ្ធិកសាកលវិទ្យាល័យ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចំណែកការប្រកួតមានកីឡាករ-កីឡាការិនីចូលរួមប្រកួតសរុបមានចំនួន ៤០នាក់ (ប្រុស ៣៦នាក់ ស្រី ៤នាក់) ។


លោកបានបន្តថា ការប្រកួតខាងលើនេះក្រុមកីឡាករ-កីឡាការិនីមកពីពុទ្ធិកសាកលវិទ្យាល័យ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដណ្តើមបានមេដាយមាស ២ គ្រឿង និងមេដាយប្រាក់២ គ្រឿង ឈរតំណែងជើងឯក បណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាដណ្តើមបានមេដាយមាស ១ គ្រឿង និងមេដាយសំរិទ្ធ ១គ្រឿងឈរតំណែងជើងឯករង និងចំណាត់ថ្នាក់លេខ៣ វិទ្យាស្ថានសិក្សាដើម្បីភាពជោគជ័យ ទទួលបានមេដាយមាស១គ្រឿង ៕


